តោះ! មកមើលពីប្រវត្តិជួបគ្នា រវាងកម្ពុជា និងស្រីលង្កា មុខប៉ះគ្នាស្អែកនេះ
ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás នឹងត្រូវប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះស្រីលង្កា ក្នុងវគ្គជម្រុះជើងទី១ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 នៅថ្ងៃ ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីក្រុង 𝗖𝗼𝗹𝗼𝗺𝗯𝗼 ប្រទេសស្រីលង្កា។
មែនទែនទៅ ក្រុមជម្រើសជាតិកម្ពុជា និងស្រីលង្កា មិនសូវបានជួបគ្នានោះទេ ពោលបើគិតចាប់តាំងពីឆ្នាំ ១៩៧២ ដល់បច្ចុប្បន្ន ក្រុមទាំងពីរនេះ បានជួបគ្នាតែ៣លើកប៉ុណ្ណោះ ដោយក្នុងនោះ កម្ពុជា ឈ្នះ ២ និងចាញ់១ មិនដែលស្មើ ខណៈគ្រាប់បាល់កើតឡើងច្រើនបំផុត គឺកម្ពុជា បានយកឈ្នះ ស្រីលង្កា ក្នុងលទ្ធផល ៦-១។
ខាងក្រោមនេះ គឺជាប្រវត្តិជួបគ្នា៣លើកចុងក្រោយរវាងក្រុមគោរព្រៃកម្ពុជា ទល់នឹងក្រុមស្រីលង្កា៖
-នៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៧២ កម្ពុជា ៦-១ ស្រីលង្កា ក្នុងបានរង្វាន់ Merdeka Tournament វគ្គសន្សំពិន្ទុក្នុងពូល
-នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០១ កម្ពុជា ០-១ ស្រីលង្កា ក្នុងការប្រកួតមិត្តភាព
-នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ កម្ពុជា ៤-០ ស្រីលង្កា ក្នុងការប្រកួតមិត្តភាពអន្តជាតិ។
គួររំលឹកថា ធារី ចន្ថាប៊ីន និងសឿយ វិសាល ជាកីឡាករ២នាក់គត់ ដែលបានបង្ហាញខ្លួនក្នុងជំនួបចុងក្រោយទល់នឹងស្រីលង្កា កាលពីឆ្នាំ២០១៦ ដែលពេលនោះ កម្ពុជា បានយកឈ្នះ ទៅលើក្រុមស្រីលង្កា ក្នុងលទ្ធផល ៤ ទល់នឹង០ ។ ដោយ ៤គ្រាប់នោះ ស៊ុតបញ្ជូលទីដោយកីឡាករ កែវ សុខផេង ចំនួន២គ្រាប់ ខណៈកីឡាករសឿយ វិសាល និង ធារី ចន្ថាប៊ីន ម្នាក់មួយគ្រាប់។
លទ្ធផល៥ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា៖
– ២០២៤/០៦/១១ ម៉ុងហ្គោលី ២-១ កម្ពុជា
– ២០២៤/០៦/០៧ កម្ពុជា ២-០ ម៉ុងហ្គោលី
– ២០២៤/០៣/២៧ ហ្គីយ៉ាណា ៤-១ កម្ពុជា
– ២០២៤/០៣/២៣ ហ្គីណេ ២-០ កម្ពុជា
– ២០២៤/១២/៣១ កាតា ៣-០ កម្ពុជា ។
គួរបញ្ជាក់ថា បន្ទាប់ពីការប្រកួតស្អែកនេះ ក្រុមទាំងពីរ ត្រូវប្រកួតជើងទី២ នៅថ្ងៃទី១០ ខែកញ្ញា នៅពហុកីឡដ្ឋាជាតិអូឡាំពិក ប្រទេសកម្ពុជា៕