ឱកាសឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាន់តែតិចក្រោយ ចាញ់ សិង្ហបុរី យប់មិញ
(បាល់ទាត់)៖ កាលពីយប់មិញនេះ ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិជប៉ុន លោក Koji Gyotoku បានប្រកួតចាញ់ ក្រុមជម្រើសជាតិសិង្ហបុរី ក្នុងលទ្ធផល ២ទល់នឹង១ ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 នាពហុកីឡដ្ឋានជាតិសិង្ហបុរី។
ការប្រកួតដែលធ្វើឡើងក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ១២០០០នាក់ ក្រុមម្ចាស់ផ្ទះ បានបេីកការនាំមុខមុនចំនួន២គ្រាប់ ដោយចាយពេលត្រឹមតែ ១៧ប៉ុណ្ណោះ ដែលទាំង២គ្រាប់នោះ សុទ្ធតែជាការបង្កកំហុសរបស់ អ្នកចាំទី វីរៈ ដារ៉ា របស់កម្ពុជា ។ លុះដល់តង់ទី២ នាទី៥៩ កម្ពុជា រកបានមួយគ្រគ្រាប់វិញ ដោយកីឡាករ សៀង ចន្ធា បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ សារ ទី ហេីយចប់ការប្រកួត៩០នាទី សិង្ហបុរី ២-១ កម្ពុជា។
តាមរយៈលទ្ធផលយប់មិញនេះ បានធ្វើឲ្យកម្ពុជា ធ្លាក់មកកាន់លេខ៤ ក្នុងតារាងពិន្ទុ នៃពូល A មានត្រឹម ១ពិន្ទុប៉ុណ្ណោះ ខណៈម៉ាឡេស៊ី ឡេីងឈរកំពូលតារាងបណ្ដោះអាសន្ន មាន ៤ពិន្ទុ បន្ទាប់ពីយកឈ្នះ ទីម័រខាងកើត យប់មិញ ក្នុងលទ្ធផល ៣ទល់នឹងនឹង២។ ដូច្នេះឱកាសឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់កម្ពុជា មានតិចតូចបំផុត ដ្បិតកម្ពុជា នៅសល់តែ ២ប្រកួតទៀតប៉ុណ្ណោះ ដោយត្រូវប៉ះជាមួយ ទីម័រខាងកើត និងក្រុមការពារដំណែងជេីងឯកថៃ។
ខាងក្រោមនេះ ជាកម្មវិធីប្រកួតបន្ទាប់ក្នុង ពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 របស់ក្រុមជម្រើសជាតិកម្ពុជា៖
– កម្ពុជា ប៉ះ ទីម័រខាងកើត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិ
– កម្ពុជា ប៉ះ ថៃ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នាកីឡដ្ឋាន Rajamangala ប្រទេសថៃ។
គួរបញ្ជាក់ថា ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ក្រុមជម្រើសកម្ពុជា ស្ថិតក្នុងពូល A ជាមួយ ក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត៕