ឥណ្ឌូណេស៊ី នឹងផ្តល់អាទិភាពលើការប្រើប្រាស់កីឡាករ U22 និងកីឡាករក្នុងស្រុក ក្នុងពាន 𝗔𝗦𝗘𝗔𝗡 𝗠𝗶𝘁𝘀𝘂𝗯𝗶𝘀𝗵𝗶 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰 𝗖𝘂𝗽
ក្នុងការប្រកួត 𝗔𝗦𝗘𝗔𝗡 𝗠𝗶𝘁𝘀𝘂𝗯𝗶𝘀𝗵𝗶 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰 𝗖𝘂𝗽 𝟮𝟬𝟮𝟰 ខាងមុខ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នឹងប្រើប្រាស់កីឡាករឈុត 𝐔𝟐𝟐 ច្រើន និងកីឡាករក្នុងស្រុក ខណៈដែលកីឡាករលេងនៅក្រៅប្រទេស (បរទេសចូលសញ្ជាតិ) មិនអាចចូលលេងបាន ព្រោះកម្មវិធីនេះ មិនមែនជា 𝐅𝐈𝐅𝐀 𝐭𝐨𝐮𝐫𝐧𝐚𝐦𝐞𝐧𝐭 ឬ 𝐅𝐈𝐅𝐀 𝐝𝐚𝐲 ឡើយ។
លោក 𝐒𝐡𝐢𝐧 𝐓𝐚𝐞-𝐲𝐨𝐧𝐠 ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អះអាងថា កត្ដាខាងលើនឹងធ្វើឱ្យការលេងរបស់ក្រុមរបស់លោកមិនខ្លាំងដូចជម្រុះ 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 ឡើយ តែក៏រំពឹងធ្វើបានល្អអាចដល់វគ្គផ្ដាច់ព្រ័ត្រដែរ
នៅក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃទី ២ ខែវិច្ឆិកា ដែលពានរង្វាន់ AFF Cup ត្រូវបានដាក់បង្ហាញនៅប្រទេសឥណ្ឌូនេស៊ី លោក Shin បានទទួលស្គាល់បញ្ហាប្រឈមនៃការហៅកីឡាករ ដែលកំពុងលេងនៅបរទេស ដោយសារតែការប្រកួតមិនមែនជាផ្នែកនៃប្រតិទិនអន្តរជាតិរបស់ FIFA និងមិនត្រូវបានរៀបចំដោយ FIFA ។ ជាលទ្ធផល Shin គ្រោង នឹងពឹងផ្អែកជាចម្បងលើកីឡាករក្នុងស្រុក។
បច្ចុប្បន្ន ឥណ្ឌូណេស៊ី មានកីឡាករជម្រើសជាតិ ១៦នាក់ កំពុងប្រកបអាជីពនៅក្រៅប្រទេស ក្នុងនោះ ៥នាក់នៅហូឡង់, អង់គ្លេស ៤ នាក់, បែលហ្ស៊ិក ៣នាក់, និង អាមេរិក អ៊ីតាលី អូស្ត្រាលី និងម៉ាឡេស៊ី មានម្នាក់ដូចគ្នា។
CNN Indonesia បានរាយការណ៍ថា លោក Shin គឺផ្តោតលើការផ្តល់អាទិភាពដល់កីឡាករវ័យក្មេង។ កីឡាករភាគច្រើន ដែលលោក 𝐒𝐡𝐢𝐧 𝐓𝐚𝐞-𝐲𝐨𝐧𝐠 នឹងប្រើប្រាស់នៅ AFF Cup 2024 គឺកីឡាករ ដែលបានឈ្នះមេដាយមាសនៅស៊ីហ្គេម នៅកម្ពុជា និងកីឡាករដែលជួយក្រុមដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U23 Asian Cup 2024 ។
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី នឹងចាប់ផ្តើមហ្វឹកហាត់នៅកោះបាលី សម្រាប់ពានរង្វាន់ AFF Cup នៅថ្ងៃទី ២៦ ខែវិច្ឆិកា មុនការប្រកួតក្នុងពូល B របស់ពួកគេជាមួយក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី ៩ ខែធ្នូ។ បន្ទាប់មកពួកគេ នឹងត្រូវជួបក្រុមឡាវ វៀតណាម និងហ្វីលីពីន។
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់ Shin 𝐓𝐚𝐞-𝐲𝐨𝐧𝐠 ឥណ្ឌូនេស៊ី បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ AFF Cup 2020 ដោយចាញ់ ក្រុមជម្រើសជាតិថៃ ២-៦ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងឆ្នាំ ២០២២ ដែលពួកគេបានចាញ់ វៀតណាម ០-២។ ទោះបីជាយ៉ាងណា ឥណ្ឌូនេស៊ី បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ AFF Cup ៥ដង ប៉ុន្តែមិនដែលស្គាល់រស់ជាតិលើកពានឡើយ៕