កីឡាការិនីខ្មែរ កើតនៅកាណាដា ឈីវ សាលីណា ស្ថិតក្នុងបញ្ជីឈ្មោះកីឡាការិនី កម្ពុជា លេងក្នុងពានរង្វាន់ AFF Women’s Cup 2024
កាលពីថ្ងៃទី១៨ វិច្ឆិកា ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាការិនីទាំង ២៣រូប ចុងក្រោយ ដែលនឹងត្រៀមជួយក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតពានរង្វាន់ AFF Women’s Cup 2024 នៅទឹកដីនៅប្រទេសឡាវ ចុងខែវិច្ឆិកានេះ។
ក្នុងបញ្ជីរាយនាមកីឡាការិនីចុងក្រោយ ទាំង ២៣រូប គេសង្កេតឃើញថា ក៏មានកីឡាករិនីដែលធ្លាប់ជួយកម្ពុជា លេងនៅស៊ីហ្គេម ២០២៣ កំពុងលេងនៅក្រៅប្រទេសផងដែរ គឺកូនខ្មែរ កើតនៅប្រទេសកាណាដា កីឡាការិនី ឈីវ សាលីណា (Selena Chhiv) ។
ឈីវ សាលីណា ដែលកើតថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០២ បច្ចុប្បន្នមានវ័យ ២២ឆ្នាំ មានកម្ពស់ ១.៦៣ម៉ែត្រ ជំនាញជើងស្ដាំ និងអាចលេងបានក្នុងតួនាទីជាខ្សែការពារ និង ខ្សែបម្រើ។ កីឡាការិនីរូបនេះ ចាប់ផ្ដើមលេងបាល់ទាត់តាំងពីអាយុ៥ឆ្នាំ ប៉ុន្តែនាងបានលេងតំណាងឲ្យក្រុមជាលើកដំបូងនៅអាយុ១២ឆ្នាំ។ បច្ចុប្បន្នកំពុងលេងឲ្យ CS MRO Outremont U21 AAA ដែលជាក្រុមចំនុះឲ្យ CS MRO Outremont AAA លេងនៅក្របខណ្ឌពាក់កណ្ដាលអាជីព ស្មើនឹងលំដាប់ទី៣ នៃលីគបាល់ទាត់នារីកាណាដា។
សម្រាប់បញ្ជីរាយនាមកីឡាការិនីចុងក្រោយ ទាំង ២៣រូប នឹងត្រូវប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់ AFF Women’s Cup 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសឡាវ ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFF Women’s Cup 2024 នេះដែរ ក្រុមនារីកម្ពុជា ស្ថិតនៅពូល B ជាមួយ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ខណ:ការប្រកួតបើកឆាកកម្ពុជា ត្រូវជួបឥណ្ឌូណេស៊ី ថ្ងៃទី២៣ វិច្ឆិកា និងប្រកួតបន្ទាប់ត្រូវជួប ម៉ាឡេស៊ី នៅថ្ងៃទី២៩ វិច្ឆិកា ២០២៤៕