ថៃ បញ្ជេញបញ្ជីឈ្មោះកីឡាករ ២៦នាក់ ចុងក្រោយ ចូលរួមប្រកួត AFF Cup 2024 ក្នុងនោះមានកីឡាករ ៤នាក់ លេងនៅក្រៅប្រទេស
ក្រុមជម្រើសជាតិថៃ ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Masatada Ishii បានប្រកាសក្រុមកីឡាករចំនួន ២៦នាក់ចុងក្រោយ សម្រាប់ការប្រកួត AFF Cup 2024
ក្នុងនោះ មានកីឡាករដែលកំពុងលេងនៅបរទេសមួយចំនួន៤នាក់ផងដែរ។
ក្នុងការប្រកួត AFF Cup 2024 នេះ គេសង្កេតឃើញថា
កីឡាករសំខាន់ៗរបស់ក្រុមដំរីសឹកថា ដូចជា Sarach Yooyen, Chanathip Songkrasin, Theerathon Bunmathan, និង Teerasil Dangda រួមជាមួយកីឡាករមកពី Muangthong United និង BG Pathum United សុទ្ធតែអវត្តមានក្នុងការប្រកួតនេះ។
បើទោះជាអវត្តមានកីឡាករទាំងនេះក៏ដោយ ក៏ក្រុមនៅតែខ្លាំង ដោយមានកីឡាករដែលមានបទពិសោធន៍ជាច្រើនផងដែរ ដូចជា៖ Pansa Hemviboon, Suphanan Bureerat, Worachit Kanitsribampen និងWeerathep Pomphan។ ក្រុមក៏បានរំលេចផងដែរ នូវតារាដែលកំពុងរះ ដែលភាគច្រើនជាកីឡាករថៃ-អឺរ៉ុប ឬសមាជិកដែលមានបទពិសោធន៍នៃក្រុម U23 របស់ប្រទេសថៃ រួមមានៈ James Beresford, Jonathan Khemdee និងBenjamin Davis។
ក្រៅពីនេះ លោក លោក Masatada Ishii ក៏បានកោះហៅកីឡាករ ដែលកំពុងប្រកបអាជីពនៅក្រៅប្រទេសចំនួន៤នាក់ផងដែរ ដូចជា កីឡាករ Nicholas Mickelson (Odense ), Supachok Sarachat (Consadole Sapporo ), Ekanit Panya (Urawa Red) និងកីឡាករ Patrik Gustavsson ( Nara Club)។
សម្រាប់ ពានរង្វាន់ អាស៊ាន Mitsibishi Electric Cup 2024 ឬ ជើងឯកអាស៊ាននេះ ក្រុមជម្រើសជាតិថៃ ស្ថិត ក្នុង ពូល A ជាមួយ ម៉ាឡេស៊ី សិង្ហបុរី កម្ពុជា និង ទីម័រ ឡេស្តេ ខណៈពូល B មាន វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ។ ការប្រកួត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥៕