ធនាគារជាតិសហការជាមួយ Mastercard ដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ Mastercard ប្រកាសដាក់ឱ្យ ដំណើរការកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists App) ក្នុងគោលបំណងពង្រីកវិសាលភាព និងជំរុញការប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរ ដើម្បីសម្រួល ប្រតិបត្តិការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកប្រទេសកម្ពុជា។
ពិធីប្រកាសដាក់ឱ្យដំណើការនូកម្មវិធីខាងលើនេះ ធ្វើឡើងនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងទេសចរណ៍ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូ-ហិរញ្ញវត្ថុ កម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុន បណ្តាញប័ណ្ណទូទាត់អន្តរជាតិសរុបប្រមាណ ៣៥០រូប។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភ្ញៀវទេសចរអន្តរជាតិនឹងទទួលបានបទពិសោធន៍ទូទាត់ ថ្លៃទំនិញនិងសេវាតាមប្រព័ន្ធឌីជីថលកាន់តែងាយស្រួល ដោយគ្រាន់តែទាញយកកម្មវិធីទូទាត់ បាគងទេសចរ រួចបញ្ចូលទឹកប្រាក់ក្នុងគណនីបាគងដោយភ្ជាប់ជាមួយប័ណ្ណទូទាត់ Mastercard ដែល មានស្រាប់ពីប្រទេសដើមរបស់ខ្លួន។ ទន្ទឹមនេះ អាជីវកម្មក្នុងស្រុកអាចផ្តល់បទពិសោធន៍នៃការទូទាត់ តាមប្រព័ន្ធឌីជីថលប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព ដល់ភ្ញៀវទេសចរដែលធ្វើ ដំណើរមកកម្ពុជាផងដែរ។
សមិទ្ធផលថ្មីនេះសំដៅរួមចំណែកជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងលើកកម្ពស់ការធ្វើ បរិវត្តកម្មឌីជីថល តាមរយៈការពង្រីកលទ្ធភាពក្នុងការទូទាត់ឌីជីថលឱ្យកាន់តែសម្បូរបែប ងាយស្រួល ប្រសិទ្ធភាព និងសុវត្ថិភាព។
លោក Sapan Shah អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកដំណោះស្រាយសម្រាប់ការទទួលយក ប័ណ្ណរបស់ក្រុមហ៊ុន Mastercard បានលើកឡើងថា «Mastercard មានសេចក្តីរំភើបរីករាយដែលបានសហការជាមួយធនាគារជាតិនៃកម្ពុជា តាមរយៈការតភ្ជាប់ជាមួយប្រព័ន្ធបាគង ដើម្បីធ្វើឱ្យប្រតិបត្តិការ ទូទាត់តាមឌីជីថលកាន់តែងាយស្រួលសម្រាប់ទាំងភ្ញៀវទេសចរ និងអាជីវករក្នុងស្រុកនៅកម្ពុជាលើសពីនេះ យើងក៏កំពុងជួយជំរុញអាជីវករក្នុងស្រុកឱ្យទទួលយកការទូទាត់ដោយគ្មានសាច់ប្រាក់ ដោយបង្កើនប្រសិទ្ធភាព និងកាត់បន្ថយបញ្ហាប្រឈមនានាទាក់ទងនឹងការគ្រប់គ្រងសាច់ប្រាក់»។
លោកបន្តថា « នេះគឺជាការបោះជំហានដ៏សំខាន់មួយរបស់កម្ពុជាក្នុងការធ្វើបរិវត្តកម្មសេដ្ឋកិច្ចឌីជីថល។ ក្រោម កិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់ Mastercard ទាំងអស់អាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនី បាគងដោយផ្ទាល់ តាមរយៈកម្មវិធីទូទាត់បាគងសម្រាប់ទេសចរដែលទើបតែត្រូវបានដាក់ឱ្យដំណើរការ កាលពីពេលថ្មីៗនេះ។ ភ្ញៀវទេសចរ នឹងរីករាយជាមួយបទពិសោធថ្មីនេះក្នុងអំឡុងពេលធ្វើដំណើរ កម្សាន្តនៅក្នុងប្រទេសកម្ពុជា»។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែពង្រីកមុខងាររបស់កម្មវិធីទូទាត់បាគងសម្រាប់ទេសចរប៉ុណ្ណោះទេ ថែមទាំងសបញ្ជាក់ពីចក្ខុវិស័យរួមរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ផងដែរ»។
លោកស្រីសង្កត់ធ្ងន់ទៀតថា «ភ្ញៀវទេសចរអន្តរជាតិនឹងទទួលបានបទពិសោធន៍ក្នុងការទូទាត់យ៉ាងរលូន និងឆាប់រហ័ស ដែលបានរួមចំណែកដល់និរន្តរភាព និងភាពនៃរដទេសចរណ៍របស់យើង។ លើសពីនេះ គំនិតផ្តួចផ្តើមនេះក៏ស្របតាមគោលនយោបាយអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ»៕