Close

លោក Trump គំរាមដាក់ពន្ធ ៥០% លើប្រទេសផ្គត់ផ្គង់អាវុធឱ្យអ៊ីរ៉ង់

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump គំរាមដាក់ពន្ធ ៥០% លើប្រទេសផ្គត់ផ្គង់អាវុធឱ្យអ៊ីរ៉ង់ លោក Trump គំរាមដាក់ពន្ធ ៥០% លើប្រទេសផ្គត់ផ្គង់អាវុធឱ្យអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសណាដែលផ្គត់ផ្គង់អាវុធយោធាឱ្យអ៊ីរ៉ង់ នឹងត្រូវប្រឈមមុខនឹងពន្ធនាំចូល ៥០% ភ្លាមៗ ដោយគ្មានការលើកលែង។

ការគំរាមនេះត្រូវបានប្រកាសតាមបណ្តាញសង្គម Truth Social ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីលោកបានយល់ព្រមលើបទឈប់បាញ់រយៈពេល ២ សប្តាហ៍ជាមួយទីក្រុងតេហេរ៉ង់។

ការបង្ហោះរបស់លោក Trump មិនបានបញ្ជាក់ពីមូលដ្ឋានច្បាប់ដែលអាចប្រើសម្រាប់ដាក់ពន្ធបែបនេះឡើយ។ កាលពីខែកុម្ភៈ តុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចមិនអនុញ្ញាតឱ្យលោកប្រើច្បាប់ International Emergency Economic Powers Act (IEEPA) ដើម្បីដាក់ពន្ធសកលយ៉ាងទូលំទូលាយ ដែលជាហេតុធ្វើឱ្យតុលាការជាន់ទាបបញ្ជាឱ្យសងប្រាក់ប្រមាណ ១៦៦ ពាន់លានដុល្លារ ដែលបានប្រមូលក្នុងរយៈពេលមួយឆ្នាំ។

ច្បាប់ IEEPA ឆ្នាំ១៩៧៧ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយអស់រយៈពេលជាច្រើនទសវត្សរ៍ ដើម្បីគាំទ្រដល់ការដាក់ទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងនឹងអ៊ីរ៉ង់ រុស្ស៊ី និងកូរ៉េខាងជើង ប៉ុន្តែតុលាការបានសម្រេចថា លោក Trump បានលើសសិទ្ធិអំណាចរបស់ខ្លួន ក្នុងការប្រើច្បាប់នេះដើម្បីដាក់ពន្ធពាណិជ្ជកម្ម។

លោក Trump បានសរសេរថា៖ «ប្រទេសណាដែលផ្គត់ផ្គង់អាវុធយោធាឱ្យអ៊ីរ៉ង់ នឹងត្រូវដាក់ពន្ធ ៥០% លើទំនិញទាំងអស់ដែលនាំចូលទៅសហរដ្ឋអាមេរិក ដោយមានប្រសិទ្ធភាពភ្លាមៗ ហើយមិនមានការលើកលែងឡើយ»។

លោក Trump គំរាមដាក់ពន្ធ ៥០% លើប្រទេសផ្គត់ផ្គង់អាវុធឱ្យអ៊ីរ៉ង់

យ៉ាងណាមិញ អ្នកវិភាគបានបង្ហាញថា វាកាន់តែស្មុគស្មាញខ្លាំងក្នុងការអនុវត្តវិធានការបែបនេះ បន្ទាប់ពីច្បាប់ IEEPA ត្រូវបានសម្រេចមិនអនុញ្ញាតឱ្យប្រើប្រាស់។ លោកស្រី Rachel Ziemba សមាជិកជាន់ខ្ពស់នៃមជ្ឈមណ្ឌលសន្តិសុខអាមេរិកថ្មី បានប្រាប់ Al Jazeera ថា មិនមានឧបករណ៍គោលនយោបាយ ឬសិទ្ធិអនុញ្ញាតភ្លាមៗសម្រាប់សហរដ្ឋអាមេរិកក្នុងការធ្វើបែបនេះទេ ហើយត្រូវការការអនុម័តពីសភា ឬការប្រើប្រាស់ឧបករណ៍ពាណិជ្ជកម្មផ្សេងទៀត។

លោក Trump មិនបានបញ្ជាក់ឈ្មោះប្រទេសណាមួយជាក់លាក់ទេ ប៉ុន្តែប្រទេសចិន និងរុស្ស៊ី ត្រូវបានគេចាត់ទុកថាបានជួយអ៊ីរ៉ង់កសាងសមត្ថភាពយោធា ដោយផ្គត់ផ្គង់មីស៊ីល ប្រព័ន្ធការពារដែនអាកាស និងបច្ចេកវិទ្យាផ្សេងៗ ដើម្បីបង្កើនសមត្ថភាពទប់ស្កាត់។

ទោះជាយ៉ាងណា ការគាំទ្រនេះហាក់ដូចជាត្រូវបានកំណត់កម្រិត ក្នុងអំឡុងពេលនៃការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ ទាំងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានបដិសេធថាមិនបានផ្គត់ផ្គង់អាវុធថ្មីៗនេះ ទោះបីជាការចោទប្រកាន់នៅតែបន្តក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា អ៊ីរ៉ង់កំពុងពិចារណាទិញមីស៊ីលប្រឆាំងនាវាចម្បាំងល្បឿនលឿនពីចិន។ កាលពីខែមីនា ក៏មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ចិន SMIC បានផ្គត់ផ្គង់ឧបករណ៍ផលិតបន្ទះឈីបទៅយោធាអ៊ីរ៉ង់ តាមប្រភពពីមន្ត្រីជាន់ខ្ពស់រដ្ឋបាលរបស់លោក Trump ពីររូប។

លោក Josh Lipsky អនុប្រធាន និងប្រធានផ្នែកសេដ្ឋកិច្ចអន្តរជាតិនៃក្រុមប្រឹក្សាអាត្លង់ទិក បាននិយាយថា ការគំរាមនេះទំនងជាមានគោលដៅទៅលើប្រទេសចិន ហើយចិនក៏នឹងយល់បែបនោះដែរ។

ទោះបីជាផ្នែកគ្រឿងបន្លាស់ដ្រូន និងមីស៊ីលតែងតែហូរចេញពីអង្គភាពចិនទៅកាន់អ៊ីរ៉ង់ ដោយគេចផុតពីទណ្ឌកម្មរបស់អាមេរិកក៏ដោយ លោក Lipsky បានបញ្ជាក់ថា លោក Trump ប្រហែលជាមិនអនុវត្តពន្ធថ្មីនេះក្នុងពេលខ្លីទេ ព្រោះវាអាចប៉ះពាល់ដល់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបប្រធានាធិបតីចិន លោក Xi Jinping នៅពាក់កណ្តាលខែឧសភា។

លោកស្រី Ziemba បានបន្ថែមថា ពន្ធលើផលិតផលចិនរបស់សហរដ្ឋអាមេរិកបានថយចុះយ៉ាងខ្លាំងបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ ហើយការដាក់ពន្ធ ៥០% នៅពេលនេះ នឹងមានការចំណាយខ្ពស់យ៉ាងខ្លាំង សម្រាប់អ្នកនាំចូល និងអ្នកប្រើប្រាស់អាមេរិក។

លោកស្រីបានបញ្ជាក់ថា ជាមួយនឹងកិច្ចប្រជុំរវាងលោក Trump និងលោក Xi Jinping ដែលជិតមកដល់ ការគំរាមនេះហាក់ដូចជាមិនសូវមានទម្ងន់ជាក់ស្តែង ប៉ុន្តែបង្ហាញថា នៅពេលមានសម្ពាធ លោក Trump អាចត្រឡប់ទៅប្រើវិធានការពន្ធវិញ។

លោក Trump គំរាមដាក់ពន្ធ ៥០% លើប្រទេសផ្គត់ផ្គង់អាវុធឱ្យអ៊ីរ៉ង់

ឧបករណ៍ពន្ធជំនួស

លោក Trump អាចប្រើវិធានការ “Section 301” ដែលត្រូវបានអនុវត្តលើទំនិញចិនតាំងពីអាណត្តិដំបូង ដើម្បីបន្ថែមពន្ធ ប៉ុន្តែវាត្រូវការការជូនដំណឹងជាសាធារណៈមុនពេលអនុវត្ត។

ម្យ៉ាងវិញទៀត លោកក៏អាចប្រើ “Section 232” នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ ១៩៦២ ដែលអនុញ្ញាតឱ្យដាក់ពន្ធតាមវិស័យ ដោយផ្អែកលើសន្តិសុខជាតិ ប៉ុន្តែត្រូវការការស៊ើបអង្កេត និងការពិភាក្សាសាធារណៈរយៈពេលជាច្រើនខែ។

រុស្ស៊ីក៏ជាប្រភពបច្ចេកវិទ្យាអាវុធមួយសម្រាប់អ៊ីរ៉ង់ផងដែរ ប៉ុន្តែការនាំចូលទំនិញរបស់អាមេរិកពីរុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីសង្គ្រាមអ៊ុយក្រែនឆ្នាំ២០២២ និងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ។

ទោះជាយ៉ាងណា ការនាំចូលពីរុស្ស៊ី ដែលជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចមិនស្ថិតក្រោមពន្ធតបតាម (reciprocal tariffs) ដែលបច្ចុប្បន្នត្រូវបានលុបចោល បានកើនឡើង ២៦.១% ដល់ ៣.៨ ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។

ទំនិញទាំងនេះរួមមាន ប៉ាឡាដ្យូម សម្រាប់ឧបករណ៍កាត់បន្ថយមាស៊ីនរថយន្ត ជី និងអ៊ុយរ៉ាញ៉ូមសម្រាប់រ៉េអាក់ទ័រនុយក្លេអ៊ែរ។ ក្រសួងពាណិជ្ជកម្មអាមេរិកកំពុងពិចារណាដាក់ពន្ធបន្ថែមលើប៉ាឡាដ្យូមរុស្ស៊ី បន្ទាប់ពីការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្អួចថ្លៃ៕