Close

កម្ពុជា-ចិន សៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជា-ចិន សៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» កម្ពុជា-ចិន សៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៤  បានប្រកាស ផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»។

ថ្លែងនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ឆ្នាំ២០២៤ គឺជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយក៏ជា«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន» ផងដែរ ដូច្នេះពិធីផ្សព្វផ្សាយសៀវភៅស្ដីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» នេះ គឺជាការបង្ហាញសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងជាការរំលឹកដល់ទំនាក់ទំនងការទូតនិងមិត្តភាពជាប្រពៃណីក្នុងប្រវត្តិសាស្រ្តនៃប្រទេសទាំងពី។

កម្ពុជា-ចិនផ្សព្វផ្សាយសៀវភៅស្តីពី«សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា  ជាមួយគ្នានេះ ខ្លឹមសាររួមនៃសៀវភៅនេះក៏ឆ្លុះបញ្ចាំងនូវសុទិដ្ឋិនិយមក្នុងការពង្រឹងសន្ដិសហវិជ្ជមានរវាងប្រទេសទាំងពីរ និងផ្ដល់អនុសាសន៍ល្អៗសម្រាប់ការកសាងអនាគត ប្រកបដោយស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយ៉ាងទូលំទូលាយទាំងក្នុងតំបន់ និងសកលលោក ជាពិសេស ជាគំរូដ៏សំខាន់មួយសម្រាប់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដោយឈរលើមូលដ្ឋាននៃការគោរពសិទ្ធិស្វ័យសម្រេច ឯករាជ្យភាព និងអធិបតេយ្យភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានគូសរំលេចផងដែរថា មិត្តភាពជាប្រវត្តិសាស្រ្ដនៃប្រទេសទាំងពីរត្រូវបានថែរក្សា និងត្រូវបានពូនជ្រុំពីសំណាក់ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ និងថ្នាក់ដឹកនាំនៃប្រទេសចិនគឺ លោក ម៉ៅ សេទុង និង លោក ជូ អេនឡាយ ដែលបានជំរុញ និងបង្កើតឱ្យមានទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងចិននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ទៀតថា ជាងនេះទៅទៀត, ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា-ចិនបានបន្ដរីកលូតលាស់យ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានប្រែក្លាយទំនាក់ទំនងរវាងប្រទេសទាំងពីរឈានទៅជាភាពដៃគូសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយក្នុងនោះកម្ពុជាបានក្លាយជាដៃគូដ៏សំខាន់នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើមសកលថ្មីចំនួនបីរបស់ប្រធានាធិបតី Xi Jinping រួមមាន(១)គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល(GDI), (២)គំនិតផ្តួចផ្តើមសន្តិសុខសកល(GSI) និង (៣)គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI)។

កម្ពុជា-ចិនផ្សព្វផ្សាយសៀវភៅស្តីពី«សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ជាក់ស្ដែង, ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ចិន និងការគោរពស្រលាញ់គ្នាទៅវិញទៅមក បង្កើតបាននូវការកសាងសមិទ្ធផលរួមជាច្រើន ទាំងក្នុងវិស័យនយោបាយ, ការទូត, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, មនុស្សជាតិ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងកិច្ចការសំខាន់ៗផ្សេងៗទៀតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់ និងអន្ដរជាតិ។

បន្ថែមពីនេះ, កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបន្ដពង្រឹងនិងផ្ដល់អាទិភាពខ្ពស់លើទំនាក់ទំនងកម្ពុជា-ចិន, ដែលបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត គឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរួមក្នុងតំបន់។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានផ្សារភ្ជាប់ “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១” ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាពិសេសបានផ្ដួចផ្ដើមនិងជំរុញកិច្ចសហប្រតិបត្តិការលើការកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង“ច្រករបៀងត្រីនិងស្រូវ” ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម ដើម្បីនាំមកនូវភាពសុខដុមកាន់តែល្អប្រសើរសម្រាប់ប្រជាជនទាំងពីរកម្ពុជា-ចិន និងបន្ដសម្រេចបាននូវសមិទ្ធផលថ្មីៗសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

កម្ពុជា-ចិនផ្សព្វផ្សាយសៀវភៅស្តីពី«សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»

ក្រៅពីការផ្សារភ្ជាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្ពុជា-ចិន ក៏គ្រោងបង្កើតគោលនយោបាយពិសេសជាច្រើនទៀត តាមរយៈការភ្ជាប់រវាងឯកសារគោលនយោបាយពិសេសដំណាក់កាលទី២រយៈពេល ១០០ឆ្នាំរបស់ប្រទេសចិន ជាមួយចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជាផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបកស្រាយ និងពន្យល់អត្ថន័យនៃពាក្យសហគមន៍ជោគវាសនារួម ដែលសំដៅដល់ការមានគោលដៅ និងគុណតម្លៃរួម ក្នុងនោះគុណតម្លៃរួមនៃទំនាក់ទំនងរវាងប្រទេសទាំងពីរគឺសន្តិភាព សន្ដិសហវិជ្ជមាន ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងការចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមក។

បន្ថែមលើនេះ ការចេះជួយគ្នា ចេះការពារគ្នា ចេះជួយយឹតយោងគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ក៏ស្ថិតក្នុងអត្ថន័យនេះនៃពាក្យជោគវាសនារួមផងដែរ។ យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ថា ដើម្បីអាចឈានទៅសម្រេចគោលដៅជោគវាសនារួម កម្ពុជាមិនអាចពឹងផ្អែកតែលើប្រទេសចិនទាំងស្រុងនោះទេ ពោលគឺកម្ពុជាត្រូវតែចេះធ្វើជាម្ចាស់ប្រទេសខ្លួនឯង ត្រូវចេះខិតខំប្រឹងប្រែងខ្លួនឯង ដើម្បីឱ្យក្លាយជារដ្ឋឯករាជ្យ មានអធិបតេយ្យភាព មានសមត្ថភាព មានកម្លាំងធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ចដោយខ្លួនឯងជាដើម។ សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ កម្ពុជាមិនអាចសម្រេចជោគវាសនារួមជាមួយចិន ទាំងខ្លួននៅទន់ខ្សោយបានឡើយ។

កម្ពុជា-ចិនផ្សព្វផ្សាយសៀវភៅស្តីពី«សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»

ឆ្លៀតឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់អនុសាសន៍មួយចំនួន ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងលើកកម្ពស់ការសិក្សាស្រាវជ្រាវឱ្យកាន់តែទូលំទូលាយពីសំណាក់តួអង្គពាក់ព័ន្ធជាពិសេស ឯកឧត្តម បានជំរុញឱ្យស្ថាប័នស្រាវជ្រាវសំខាន់ៗ រួមមាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយភាគីចិន ដើម្បីកំណត់ប្រធានបទនៃការសិក្សាស្រាវជ្រាវជាក់លាក់មួយ ដែលអាចផ្សារភ្ជាប់ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍នៃប្រទេសទាំងពីរ៕

កម្ពុជា-ចិនផ្សព្វផ្សាយសៀវភៅស្តីពី«សហគមន៍ជោគវាសនារួមកម្ពុជា-ចិនឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»