Close

មន្ត្រីជាន់ខ្ពស់កម្ពុជាជំរុញឱ្យវិនិយោគិនកូរ៉េវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់កម្ពុជាជំរុញឱ្យវិនិយោគិនកូរ៉េវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ មន្ត្រីជាន់ខ្ពស់កម្ពុជាជំរុញឱ្យវិនិយោគិនកូរ៉េវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ

ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានជំរុញឱ្យឱ្យលោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industry និងលោកសាស្ត្រាចារ្យ Lee Changkeun នៃសកលវិទ្យាល័យ Chung-Ang University នៃសាធារណរដ្ឋកូរ៉េលើការវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ។

ការជំរុញបែបនេះ ក្នុងពេលោក វង្សី វិស្សុត បានអនុញ្ញាតឱ្យ លោក Lee Kee Yun និងលោកសាស្ត្រាចារ្យ Lee Changkeunចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជំនួបនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងរដ្ឋបាលខេត្តកំពង់ធំ និងសមាគមស្វាយចន្ទីកម្ពុជា (សសក) ផងដែរ។

មន្ត្រីជាន់ខ្ពស់កម្ពុជាជំរុញឱ្យវិនិយោគិនកូរ៉េវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ

នាឱកាសនោះ លោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industryថ្លែងថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនផលិតសម្ភារៈសំណង់សំខាន់មួយនៅសាធារណរដ្ឋកូរ៉េ ដែលមានគោលបំណងធ្វើពិពិធកម្មសកម្មភាពវិនិយោគរបស់ខ្លួន ជាពិសេសលើសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា ដោយមើលឃើញសក្តានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Heungkuk Industry លើការកែច្នៃគ្រាប់ស្វាយចន្ទី និងបានបញ្ជាក់នូវឆន្ទៈដ៏មុតមាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងស្វាគមន៍ការវិនិយោគមកពីបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។

លើសពីនេះ លោករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចនូវចក្ខុវិស័យរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ការផលិត និងការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលដៅប្រែក្លាយ កម្ពុជាទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី។

មន្ត្រីជាន់ខ្ពស់កម្ពុជាជំរុញឱ្យវិនិយោគិនកូរ៉េវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ

លោកក៏បានលើកឡើងផងដែរថា ស្វាយចន្ទីគឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា។ ទន្ទឹមនេះ ស្វាយចន្ទីមានសក្តានុពលខ្ពស់ ដោយសារអាចត្រូវបានប្រើប្រាស់ និងកែច្នៃចេញជាផលិតផលច្រើនប្រភេទ រួមទាំងជាផលិតផលចំណីអាហារ ប្រេង គ្រឿងសំអាង ជីវម៉ាស (Biomass) ជាដើម។ល។ ដែលមានតម្លៃបន្ថែមខ្ពស់។

លោកសង្កត់ធ្ងន់ថា «លើសពីនេះប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ធំ និងតំបន់ជុំវិញគឺជាតំបន់ដែលមានអំណោយផលទាំងផ្នែកពូជដំណាំ អាកាសធាតុ និងភូមិសាស្ត្រ ដែលអាចផលិតគ្រាប់ស្វាយចន្ទីមានគុណភាពខ្ពស់។ ក្នុងស្មារតីនេះ លោករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុន Heungkuk Industry សិក្សា និងរៀបចំផែនការវិនិយោគឱ្យបានច្បាស់លាស់ ព្រមទាំងស្វែងរកដៃគូដែលមានជំនាញ និងបទពិសោធពាក់ព័ន្ធនឹងដំណាំស្វាយចន្ទី។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានត្រៀមខ្លួនរួចរាល់សម្រាប់ទទួលស្វាគមន៍ដល់គម្រោងវិនិយោគថ្មីៗ ហើយទីស្តីការគណៈរដ្ឋមន្ត្រីផ្ទាល់រីករាយនឹងផ្តល់កិច្ចសហការ ដើម្បីចូលរួមគាំទ្រដល់ការវិនិយោគ និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េ នៅក្នុងក្របខ័ណ្ឌនៃតួនាទីភារកិច្ចរបស់ខ្លួន៕

មន្ត្រីជាន់ខ្ពស់កម្ពុជាជំរុញឱ្យវិនិយោគិនកូរ៉េវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ