ឯកអគ្គរាជទូតចិន៖ កម្ពុជាមានផ្លែឈើចំនួន ៥ប្រភេទ ដែលអាចនាំចេញទៅកាន់ប្រទេសចិន
ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើចំនួន៥ប្រភេទដែលអាចនាំចេញទៅកាន់ប្រទេសចិន មានដូចជាចេក ស្វាយ មៀន ដូង និងធុរេន។
ការថ្លែងរបស់លោក Wang Wenbin ក្រោយពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិនបានធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញផ្លែឈើកម្ពុជាទៅកាន់ប្រទេសចិន មួយចំនួនទៀត (សូមមើលតំណភ្ជាប់ http://dzs.customs.gov.cn/dzs/2747042/3995819/sg38/3974291/index.html)។
លោកបន្តថា បញ្ជីរាយនាមត្រូវបានបន្ថែមជាមួយនឹងបញ្ជីឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញទុរេនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន នេះមានន័យថា ទុរេនស្រស់របស់កម្ពុជាបានបញ្ចប់នីតិវិធីសម្រាប់ការនាំចេញទៅប្រទេសចិន ហើយអាចនាំចេញទៅប្រទេសចិនបាន។
លោកសង្កត់ធ្ងន់ទៀតថា «នេះជាកសិផលដែលមានគុណភាពខ្ពស់ដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៥ និងជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-កម្ពុជាផងដែរ»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ ឱ្យដឹងថាថា កម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។
សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។
ដើម្បីធានានូវគុណភាពនិងនិរន្តរភាពនៃការនាំចេញ ក្រសួងសូមអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រ
វេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់។
ក្រសួងជំរុញឱ្យម្ចាស់ចម្ការនិងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួសរាន់មកដាក់ពាក្យ
ស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។
មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករនិងកញ្ចុងអង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច និងផ្លែដូង។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងចិន៕