Close

ប្រធានសភាពាណិជ្ជកម្មប៊ុលការីបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
ប្រធានសភាពាណិជ្ជកម្មប៊ុលការីបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ប្រធានសភាពាណិជ្ជកម្មប៊ុលការីបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

សៀមរាប៖ លោក Maxim Behar ប្រធានទី១ សភាពាណិជ្ជកម្មនៃសាធារណរដ្ឋប៊ុលការី រួមជាមួយភរិយា បានអញ្ជើញមកបំពេញទស្សនកិច្ចការងារជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្ម និងធុរកិច្ចនានា។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក Maxim Behar និងភរិយា បានចំណាយពេលនៅខេត្តសៀមរាប ដោយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោកបានទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបាយ័ន មុននឹងជួបពិភាក្សាការងារជាមួយ ឧកញ៉ា លួន អានចំណេះ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាខេត្តសៀមរាប។

ប្រធានសភាពាណិជ្ជកម្មប៊ុលការីបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងចំណងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

ជំនួបនេះមានគោលបំណងស្វែងយល់ និងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ រួមទាំងទេសចរណ៍រវាងខេត្តសៀមរាប និងប៊ុលការី ដែលមិនត្រឹមតែជាការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងប៊ុលការីប៉ុណ្ណោះទេ ថែមទាំងអាចក្លាយជាច្រកសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់អឺរ៉ុបខាងកើតទៀតផង។

លោក Maxim Behar បានបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចការងារលើកដំបូងរបស់លោកនៅកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលត្រូវបានសម្របសម្រួលដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលការី សហការជាមួយស្ថានទូតប៊ុលការីប្រចាំកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកបានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងលើទេសភាពធម្មជាតិនៅតំបន់រមណីយដ្ឋានអង្គរ បរិស្ថានអនាម័យ សេដ្ឋកិច្ច ទំនៀមទម្លាប់ វប្បធម៌ ជាពិសេសភាពរួសរាយរាក់ទាក់ និងស្នាមញញឹមប្រកបដោយភាពកក់ក្ដៅរបស់ប្រជាជនកម្ពុជា។

លោកបានគូសបញ្ជាក់ពីគោលបំណងសំខាន់ៗនៃទស្សនកិច្ចរបស់លោក គឺទី១.ដើម្បីសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ, ទី២.ដើម្បីស្វែងយល់ពីសក្ដានុពលសេដ្ឋកិច្ច និងតំបន់ទេសចរណ៍នានា និងទី៣.សំដៅបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីសម្រួលឲ្យផលិតផលរបស់កម្ពុជានាំចេញទៅសហគមន៍អឺរ៉ុប។

ប្រធានសភាពាណិជ្ជកម្មប៊ុលការីបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងចំណងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

លោកសង្ឃឹមថាពាណិជ្ជករកម្ពុជានឹងនាំផលិតផលរបស់ខ្លួនទៅចូលរួមក្នុងព្រឹត្តិការណ៍តាំងលក់ផលិតផលផ្សេងៗពីបណ្ដាប្រទេសដៃគូពាណិជ្ជកម្ម ដែលសហគមន៍អឺរ៉ុបនឹងរៀបចំក្នុងរយៈពេលពីរខែខាងមុខ។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកក៏បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រមុខថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន និងវិស័យឯកជនសំខាន់ៗ ដែលទទួលបានលទ្ធផលជាវិជ្ជមាន។ លោកនឹងនាំដំណឹងល្អៗទាំងនេះទៅបញ្ជ្រាបផ្សព្វផ្សាយដល់ប្រទេសប៊ុលការី និងបណ្ដាប្រទេសនានាក្នុងសហគមអឺរ៉ុប ឲ្យបានដឹង និងយល់អំពីសក្ដានុពលកសិកម្ម ពាណិជ្ជកម្ម ធុរកិច្ច និងទេសចរណ៍របស់កម្ពុជា។

លើសពីនេះ លោកមានគម្រោងរៀបចំផែនការឲ្យជនជាតិប៊ុលការីមកទស្សនាកម្ពុជាឲ្យបានយ៉ាងតិចពីរក្រុមក្នុងមួយឆ្នាំ ដោយសារប៊ុលការីជាប្រទេសមួយក្នុងតំបន់អឺរ៉ុបដែលនិយមចេញដើរលេងក្រៅប្រទេស។ លោកក៏នឹងកៀងគរយុវនិស្សិត ឬអ្នកជំនួញ និងធុរជនផ្សេងៗ ឲ្យមកសិក្សាស្វែងយល់ពីសក្ដានុពលរបស់កម្ពុជា សំដៅប្រតិបត្តិការរួមគ្នាសម្រាប់ជាចក្ខុវិស័យនៃការអភិវឌ្ឍវែងឆ្ងាយរវាងប្រទេសទាំងពីរផងដែរ។

ក្រោយពេលលោកត្រឡប់ទៅវិញ លោកនឹងចូលជួបពិភាក្សាជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលការី ព្រមទាំងធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយចំណាប់អារម្មណ៍នៃដំណើរទស្សនកិច្ចនៅកម្ពុជា និងបញ្ចុះបញ្ចូលប្រជាជនប៊ុលការីឲ្យមកលេងកម្ពុជាឲ្យបានច្រើន។ ជាពិសេស លោកនឹងស្នើឲ្យមានការសម្របសម្រួលពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលការី ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការ ពាណិជ្ជករ និងនិស្សិតកម្ពុជា បានទៅទស្សនកិច្ចនៅប៊ុលការីនៅដើមឆ្នាំក្រោយ៕មន្ទីរព័ត៌មានខេត្តសៀមរាប

ប្រធានសភាពាណិជ្ជកម្មប៊ុលការីបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងចំណងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍