អបអរសាទរ ! ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមបាល់ទះអាយុក្រោម១៩ឆ្នាំបារាំង ៣ សិត ទល់នឹង១
បាល់ទះ៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមភ្ញៀវ U19 បារាំង ក្នុងលទ្ធផល ៣-១សិត ក្នុងជំនួបមិត្តភាពអន្ដរជាតិនៅវិមានពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈម្សិលមិញ។ ការប្រកួតនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមទស្សនាពី ឯកឧត្តម ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជំនួបមិត្តភាពអន្ដរជាតិជាមួយក្រុមយុវជនបារាំង លើកទី២នេះ បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្រ ដែលមានទស្សនាផ្ទាល់ពេញស្តាតតែម្ដង។ ការប្រកួតលើកទី២ នៅល្ងាចនេះបានធ្វើឡើងដោយភាពស្វិតស្វាញ ដោយក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិបារាំង U-19 ដោយលទ្ធផលបច្ចេកទេស ៣សិត ទល់នឹង១សិត។
លទ្អផលការប្រកួតម្សិលមិញ៖
-សិតទី១ ២៥ កម្ពុជា ទល់នឹង ២០ បារាំង
-សិតទី២ ២៥ កម្ពជា ទល់នឹង ២១ បារាំង
-សិតទី៣ ២១ កម្ពុជា ទល់ ២៥ បារាំង
-សិតទី៤ ២៥ កម្ពុជា ទល់ ១៩ បារាំង។
សូមរម្លឹកថា សម្រាប់លទ្ធផលបច្ចេកទេសនៃជំនួបមិត្តភាពអន្ដរជាតិជើងទី១ រវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្រុម U19 បារាំង កាលពីថ្ងៃទី១៩ ខែកុម្ភៈ នៅវិមានពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក)ចដដែល គឺក្រុមម្ចាស់ផ្ទះកម្ពុជាបានបរាជ័យក្នុងពិន្ទុ ២៣-២៥, ២១-២៥ និង ២៣-២៥៕