សោកស្ដាយផង! កីឡាករក្លិបបាល់ទាត់ខេត្តព្រៃវែង អាត អូនទូច ដាច់សសៃជង្គង់ចំនួន២ ដែលតម្រូវអោយធ្វើការវះកាត់ទើបអាចបន្តអាជីពបាន
(ភ្នំពេញ)៖ កីឡាកររបស់ក្លិបបាល់ទាត់ខេត្តព្រៃវែង កីឡាករ អាត អូនទូច បានរងរបួសដោយដាច់សសៃជង្គង់ចំនួន២ ដែលតម្រូវអោយធ្វើការវះកាត់ជាបន្ទាន់ ទើបអាចបន្តអាជីពជាកីឡាករបាល់ទាត់ទៀតបាន។ នេះបើយោងតាមការប្រកាស់របស់ក្លិប។
ក្លិបបាល់ទាត់ Prey Veng Football Club បានប្រកាស់លើទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ក្លិបថា៖« បន្ទាប់ពីរងរបួសប៉ះទង្គិចដែលតំរូវអោយផ្លាស់ប្តូរចេញភ្លាមៗ កាលពីការប្រកួតថ្ងៃអាទិត្យជាមួយក្លិបបាល់ទាត់គិរីរង់សុខសែនជ័យ ក្នុងពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២៣។ ខណ:ពេលនេះ លទ្ធផលពិនិត្យរបស់គ្រូពេទ្យបានបញ្ចាក់ថា កីឡាករ អាត អូនទូច បានដាច់សសៃជង្គង់ចំនួន2 គឺសសៃ ACL+LCL ដែលតម្រូវអោយធ្វើការវះកាត់ទើបអាចបន្តអាជីពបាន ។ ក្លិបជូនពរឲ្យ អូនទូច ទទួលការវះកាត់បានជោគជ័យ ឆាប់ជាសះស្បើយ និងបានត្រឡប់ចូលមកកាន់ទីលានវិញឆាប់ៗនេះ»។
សូមបញ្ជាក់ថា ACL គឹជារបួសមួយដែលកីឡាករបាល់ទាត់គ្រប់រូប មិនថានៅអាស៊ី ឬអឺរ៉ុប នោះទេ មានការខ្លាចរអា ដោយសារវាត្រូវការវះកាត់ជាបន្ទាន់ ដើម្បីអាចបន្តអាជីពទៀតបាន ហើយត្រូវចំណាយពេលជាសះស្បើយយ៉ាងតិច ៦ខែ។
ជាក់ស្ដែង ខ្សែប្រយុទ្ធបឹងកេត ចាន់ វឌ្ឍនាកា ក៏ធ្លាប់បានរងរបួសដាច់សរសៃជង្គង់ខាងស្ដាំផងដែរ នៅក្នុងជំនួបជាមួយ វិសាខា ក្នុងពានរង្វាន់ Prince Beer Pre-season Cup កាលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍។ ស្ទើរតែមួយឆ្នាំ ដែលកីឡាករបាល់ទាត់ល្បីឈ្មោះរូបនេះ អវត្តមានពីទីលាន ហើយរហូតមកទល់ពេលនេះ រូបគេអាចហ្វឹកហាត់វិញបាន តែមិនទាន់អាចចូលរួមប្រកួតវិញបានឡើយ៕