អនាគតរបស់ Harry Kane ជាមួយអង់គ្លេស កំពុងក្លាយជាប្រធានបទក្ដៅ បន្ទាប់ពីបរាជ័យ នៅ Euro 2024
ខ្សែប្រយុទ្ធរបស់ក្រុម Bayern Munich កីឡាករ Harry Kane មិនមានចេតនាចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិឡើយ បើទោះបីជាបានស៊ូទ្រាំនឹងការបរាជ័យចុងក្រោយមួយទៀត ជាមួយនឹងក្រុមអង់គ្លេស នៅ Euro 2024 ក៏ដោយ។
ក្នុងព្រឹត្តិការណ៍ Euro 2024 ប្រធានក្រុម Harry Kane បានបញ្ចប់ការប្រកួតក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេជាមួយកីឡាករ ៥នាក់ផ្សេងទៀត ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ ប៉ុន្តែ Kane ត្រូវបានគ្រូបង្វឹកប្ដូរចេញចំនួន៥លើកហើយ ក្នុងចំណោម ៧ប្រកួតរបស់អង់គ្លេស រួមទាំងការប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយនឹងក្រុមអេស្ប៉ាញ ផងដែរ។
គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានសារភាព បន្ទាប់ពីការបរាជ័យ ២-១ នៅទីក្រុងប៊ែរឡាំង ថា ប្រធានក្រុមរបស់គាត់ មិនអាចធ្វើបាន ដល់កម្រិតដែលយើងទាំងអស់គ្នាសង្ឃឹមទេ។ ការបង្ហាញទម្រង់លេងមិនសូវបានល្អរបស់ Kane បូករួម នឹងលេចធ្លោរបស់ Ollie Watkins និង Ivan Toney ដែលធ្វើបានយ៉ាងល្អនៅ Euro ឆ្នាំនេះ បាននាំឱ្យមានការវែកញែកលើអនាគត់របស់ Kane ថាតើរូបគេអាចនឹងបន្តជាប់ ក្នុងក្រុមជម្រើសជាតិ ឬយ៉ាងណា។
ប៉ុន្តែបើយោងតាមសារព័ត៌មាន Daily Telegraph អ្នកដែលស្និទ្ធនឹង Kane បានច្រានចោលការលើកឡើងថា គាត់អាចនឹងត្រូវចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ(ជម្រើសជាតិ) ហើយជឿថា គាត់មានបំណងលេងឱ្យក្រុមអង់គ្លេស នៅ World Cup 2026 និងលើសពីនេះ។
គួរបញ្ជាក់ថា Harry Kane បានស៊ុតបញ្ចូលទីបាន ៦៦គ្រាប់ ក្នុង ៩៨ប្រកួត សម្រាប់ប្រទេសអង់គ្លេស។ មិនតែប៉ុណ្ណោះ អតីតខ្សែប្រយុទ្ធ Tottenham Hotspur រូបនេះ ស៊ុតបញ្ចូលទីបាន ៤៤គ្រាប់នៅក្នុងយុទ្ធនាការដំបូងរបស់គាត់ សម្រាប់ក្លឹប Bayern Munich បន្ទាប់ពីចាកចេញពី Tottenham កាលពីរដូវក្តៅមុន៕