មានការសង្ស័យថា អង់គ្លេសរៀបចំកងកងកម្លាំងពិសេសជាង១០០នាក់ដើម្បីបំផ្លាញកិច្ចសហប្រតិបត្តិការរុស្ស៊ីនៅអាហ្វ្រិក
បរទេស ៖ យោងតាមប្រភពពីមន្ត្រីការទូតផ្នែកយោធាដែលសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានជាតិរុស្ស៊ី RIA Novosti និង TASS កាលពីថ្ងៃពុធម្សិលមិញនេះថា ទីភ្នាក់ងារសំងាត់អង់គ្លេសអង្គភាព MI6 បាន និងកំពុងរៀបចំផែនការដ៏អាថ៌កំបាំងមួយដើម្បីប្រឆាំងទៅនឹងប្រទេសរុស្ស៊ី។
ប្រភពដដែលបានពន្យល់ថា អង្គភាព MI6 របស់អង់គ្លេសបានជ្រើសរើសកងកម្លាំងប្រយុទ្ធមួយចំនួនរួចទៅហើយដែលអាចមានសមត្ថភាពក្នុងការបំផ្លាញ និងរារាំងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសរុស្ស៊ីជាមួយនឹងបណ្តារដ្ឋទាំងឡាយនៅក្នុងតំបន់អាហ្វ្រិក។
ប្រភពអនាមិកទាំងនោះក៏បានអះអាងទៀតថា ក្រុមកម្លាំងប្រយុទ្ធទាំងនោះមានចំនួនប្រមាណជា១០០នាក់ ហើយត្រូវបាន MI6 ជ្រើសចេញពីកងទ័ពជនជាតិអ៊ុយក្រែនទាំងអស់ដើម្បីបំពេញបេសកកម្មនេះ។
កន្លងមកកាលពីខែកក្កដាកន្លងទៅនេះ គេក៏ធ្លាប់ទទួលបានរបាយការណ៍ដែរថារដ្ឋាភិបាលទីក្រុងឡុងបានស្នើសុំរដ្ឋាភិបាលទីក្រុងគៀវក្នុងការផ្តល់នូវជំនួយផ្នែកកងកម្លាំងមួយចំនួនដើម្បីធ្វើការងារតំណាងឲ្យភ្នាក់ងារសំងាត់ MI6 ផងនិងកងកម្លាំងទ័ពពិសេស SAS ផងដើម្បីប្រតិបត្តិការយោធាមួយនៅតំបន់ប្រយុទ្ធភាគខាងកើត។
ប្រភពទាំងនោះបានបញ្ជាក់ប្រាប់ RIA Novostia និង TASS ទៀតថា អង្គភាពដែលជាកូនកាត់របស់អង់គ្លេសអ៊ុយក្រែននេះនឹងទទួលខុសត្រូវលើកិច្ចការងារដ៏សំខាន់ក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមាននៅក្នុងប្រទេសអាហ្វ្រិក ក៏ដូចជាបេសកកម្មធ្វើឃាតមេដឹកនាំអាហ្វ្រិកទាំងឡាយណាដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូផងដែរ។
គួរឲ្យដឹងដែរថា រដ្ឋាភិបាលទីក្រុងឡុងបានចូលរួមពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយនឹងជម្លោះនៅអ៊ុយក្រែនគិតចាប់តាំងតែពីប្រតិបត្តិការយោធាពិសេសរបស់រុស្សីបានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំ២០២២ដោយក្នុងនោះមានទាំងផ្គត់ផ្គង់ជំនួយហិរញ្ញវត្ថជំនួយបច្ចេកទេសសង្គ្រាមនិងការហ្វឹកហាត់យោធាជាពិសេសគឺជាជំនួយជាសព្វាវុធ៕