សម្តេចធិបតី ជឿថាកិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជា និង ថៃ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងទំនុកចិត្តគ្នា

ម៉ាឡេស៊ី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបង្ហាញការជឿជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជា និង កងទ័ពថៃ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងទំនុកចិត្តរវាងគ្នា និងការកែលំអរស្ថានការអោយប្រសើរឡើង ឈានទៅរកប្រក្រតីភាពនៅពេលអនាគត។
ការបង្ហាញនូវការជឿងជាក់បែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានជំនួបរវាងសម្តេច និងលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទី ថៃ និងទទួលបានលទ្ធផលដ៏ត្រចះត្រចង់ក្នុងការទទួលកិច្ចព្រមព្រមព្រៀងបទឈប់បាញ់ ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិក។
ក្រោយជំនួប ភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នា ទទួលយក បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង១២ យប់ ថ្ងៃទី28 ខែកក្កដា ឆ្នាំ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។
ជាមួយគ្នានេះភាគីទាំងនឹង រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង0700 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រីបានអរគុណលោក នាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ និងអរគុណលោក ប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។
បន្ថែមពីនេះ សម្តេច ក៏បានអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕