Close

រដ្ឋបាលស្រុកបន្ទាយស្រី ពន្លឿនការរៀបចំគម្រោងសួនកសិទេសចរណ៍ ឱ្យបានមុនបុណ្យចូលឆ្នាំខ្មែរ

ដោយ៖ Chhan Sreyka ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ
រដ្ឋបាលស្រុកបន្ទាយស្រី ពន្លឿនការរៀបចំគម្រោងសួនកសិទេសចរណ៍ ឱ្យបានមុនបុណ្យចូលឆ្នាំខ្មែរ រដ្ឋបាលស្រុកបន្ទាយស្រី ពន្លឿនការរៀបចំគម្រោងសួនកសិទេសចរណ៍ ឱ្យបានមុនបុណ្យចូលឆ្នាំខ្មែរ

សៀមរាប៖​ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ អាជ្ញាធរស្រុកបន្ទាយស្រី ខេត្តសៀមរាប បានដឹកនាំមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនស្ម័គ្រចិត្ត និងប្រជាពលរដ្ឋដាំកូនឈើហូបផ្លែចម្រុះនៅសួនកសិទេសចរណ៍ រង្វង់មូលស្រុកបន្ទាយស្រី ដែលជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបន្ទាយស្រី បណ្តាញសហគមន៍ទេសចរណ៍ និងកសិកម្មស្រុកដើម្បីកែលំអសោភ័ណភាពអនាម័យ និងបរិស្ថាន លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងទាក់ទេញទេសចរណ៍។

លោក សាំង វត្តនា អភិបាលរងស្រុកបន្ទាយស្រី បានឱ្យដឹងថា សកម្មភាពថ្ងៃនេះ គឺជាការជំរុញការរៀបចំរង្វង់មូលស្រុកបន្ទាយស្រី ឱ្យក្លាយទៅជាសួនកសិទេសចរណ៍ ហើយក៏ជាយុទ្ធនាការមួយក្នុងការជំរុញដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន បានជាគំនិតថ្មីមួយហៅថាការធ្វើកសិទេសចរណ៍ នៅតាមគេហដ្ឋានរបស់ខ្លួន ខណៈស្រុកបន្ទាយស្រី មានសក្ដានុពលទាំងវិស័យទេសចរណ៍ និងវិស័យកសិកម្ម។ លោកថា ក្រោយរៀបចំសួនកសិទេសចរណ៍នេះរួចរាល់ ក៏មានការដាក់តាំងលក់នូវផលិតផលកសិកម្មក្នុងសហគមន៍ ដូចជា៖ បន្លែ ផ្លែឈើជាច្រើនប្រភេទ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផ្ទាល់ផងដែរ ខណៈសួននេះគ្រោងបញ្ចប់ក្នុងអំឡុងខែមេសា ឆ្នាំ២០២៦ ពោលគឺមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

រដ្ឋបាលស្រុកបន្ទាយស្រីពន្លឿនការរៀបចំគម្រោងសួនកសិទេសចរណ៍ ឱ្យបានមុនបុណ្យចូលឆ្នាំខ្មែរ

លោក ភួង សាវ៉ុន ប្រធានបណ្ដាញសហគមន៍ទេសចរណ៍ និងកសិកម្មស្រុកបន្ទាយស្រី បានថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាពិសេស ឯកឧត្តមអភិបាលខេត្ត អាជ្ញាធរស្រុក ដែលជានិច្ចកាលបានគិតគូរ យកចិត្តទុកដាក់ ជំរុញឱ្យមូលដ្ឋានស្រុកបន្ទាយស្រី ទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ខណៈស្រុកបន្ទាយស្រី ជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាខេត្តសៀមរាប។

គួរឱ្យដឹងថា សួនកសិទេសចរណ៍រង្វង់ស្រុកបន្ទាយស្រី ស្ថិតនៅលើចំណុចប្រសព្វនៃផ្លូវជាតិលេខ៦៧ សៀមរាប-អន្លង់វែង ជាមួយនឹងផ្លូវបំបែកចូលទៅកាន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន ដែលមានផ្ទៃក្រឡាប្រហែល ២ហិកតាកន្លះ ជារង្វង់មូលធំជាងគេលំដាប់ទី២ នៅកម្ពុជា បន្ទាប់ពីរង្វង់មូលធំជាងគេលំដាប់ទី១ នៅខេត្តត្បូងឃ្មុំ៕

រដ្ឋបាលស្រុកបន្ទាយស្រីពន្លឿនការរៀបចំគម្រោងសួនកសិទេសចរណ៍ ឱ្យបានមុនបុណ្យចូលឆ្នាំខ្មែរ