Close

ប្រធានរដ្ឋសភា​កម្ពុជា ស្នើ​លោក ត្រាំ បន្ត​ជួយ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
ប្រធានរដ្ឋសភា​កម្ពុជា ស្នើ​លោក ត្រាំ បន្ត​ជួយ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ប្រធានរដ្ឋសភា​កម្ពុជា ស្នើ​លោក ត្រាំ បន្ត​ជួយ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្នើ​ទៅ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក ឲ្យ​បន្ត​ចូលរួម​ដោះស្រាយ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដោយ​សន្តិវិធី និង​ធានា​ឲ្យ​ការ​អនុវត្ត​បទ​ឈប់​បាញ់​មាន​ប្រសិទ្ធភាព​ខ្ពស់។

សំណើ​នេះ​បានធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៥ ក្នុង​ឱកាស​ដែល​ សម្តេច​បាន​ទទួល​ជួប​ជាមួយ​ គណៈប្រតិភូ​សមាជិក​សភា​សហរដ្ឋអាមេរិក ដែល​ដឹកនាំ​ដោយ​លោកស្រី Beth Van Duyne នៅ​វិមានរដ្ឋសភា។

សម្តេច ឃួន សុដារី បាន​ពន្យល់​ថា ការ​ស្នើ​សុំ​នេះ​គឺ​ស្របតាម​បំណង​របស់​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ចង់​បាន​សុខសន្តិភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស។

ប្រធានរដ្ឋសភា​កម្ពុជា ស្នើ​លោក ត្រាំ បន្ត​ជួយ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

តាមរយៈ​គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក សម្តេច​ប្រធានរដ្ឋសភា ក៏បាន​ថ្លែង​អំណរគុណ​ផងដែរ​ដល់​លោក ដូណាល់ ត្រាំ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ក៏ដូចជា​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងអស់ ដែល​បាន​សម្របសម្រួល​ឲ្យ​មាន​ជំនួប​ចរចា​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា​និង​ថៃ រហូត​ឈានដល់​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា កន្លងទៅ ដែល​បាន​ជួយ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​រាប់​ម៉ឺន​នាក់។

ក្នុង​ជំនួប​នេះ លោកស្រី Beth Van Duyne បាន​បញ្ជាក់​ថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា គឺ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រួមមាន​សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា និង​សុខសន្តិភាព។ លោកស្រី​បាន​បន្ថែម​ថា មុន​មក​ដល់​កម្ពុជា លោកស្រី​ក៏បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​ដែរ ហើយ​បាន​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​សុទ្ធតែ​ស្រឡាញ់​សន្តិភាព​ដូចគ្នា។

ប្រធានរដ្ឋសភា​កម្ពុជា ស្នើ​លោក ត្រាំ បន្ត​ជួយ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

សម្តេច ឃួន សុដារី បាន​លើកឡើង​ពី​សោកនាដកម្ម​ដែល​កម្ពុជា​បាន​ជួប​ប្រទះ​ក្នុង​សង្គ្រាម​ជាច្រើន​ទសវត្សរ៍​កន្លងមក ហើយ​បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​តែង​ផ្តល់​តម្លៃ​ខ្ពស់​លើ​ជីវិត​មនុស្ស និង​សុខសន្តិភាព។ សម្តេច​បាន​រំលឹក​ពី​លិខិត​អន្តរាគមន៍​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ទៅ​កាន់​លោក ដូណាល់ ត្រាំ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ជៀសវាង​ការ​បង្ហូរ​ឈាម។

ជាការ​ឆ្លើយតប លោក ដូណាល់ ត្រាំ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ថា​ជា​ថ្នាក់ដឹកនាំ​ឆ្នើម​ដែល​ស្រឡាញ់​សន្តិភាព ហើយ​បាន​បង្ហាញ​ពី​មោទនភាព​ដែល​បាន​ចូលរួម​ជួយ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នេះ។ ទោះបី​ជាមាន​បទ​ឈប់​បាញ់​ហើយ​ក៏ដោយ សម្តេច​ប្រធានរដ្ឋសភា​បាន​គូស​បញ្ជាក់​ថា ស្ថានការណ៍​នៅតែ​ផុយស្រួយ ដូច្នេះ​កម្ពុជា​នៅតែ​ស្នើសុំ​ឲ្យ​សហរដ្ឋអាមេរិក​បន្ត​ចូលរួម​តាមដាន និង​ជួយ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​បន្ថែម​ទៀត។

ប្រធានរដ្ឋសភា​កម្ពុជា ស្នើ​លោក ត្រាំ បន្ត​ជួយ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

ទាក់ទង​នឹង​ទំនាក់ទំនង​ទ្វេភាគី សម្តេច ឃួន សុដារី និង​គណៈប្រតិភូ​សភា​អាមេរិក បាន​វាយតម្លៃ​ខ្ពស់​លើ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។ សម្តេច​ក៏បាន​ថ្លែង​អំណរគុណ​ដល់​សហរដ្ឋអាមេរិក ដែល​បាន​បញ្ចុះ​ពន្ធ​ពី ៤៩% មក​នៅ​ត្រឹម ១៩% សម្រាប់​ទំនិញ​កម្ពុជា ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ជាតិ និង​ជីវភាព​ប្រជាពលរដ្ឋ។ សម្តេច​ក៏បាន​ស្នើសុំ​ឲ្យ​គណៈប្រតិភូ​បន្ត​កៀរគរ​អ្នកវិនិយោគ និង​ទេសចរ​អាមេរិក​មក​កម្ពុជា​បន្ថែម​ទៀត។

ជាការ​ឆ្លើយតប លោកស្រី Beth Van Duyne បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា មាន​អ្នកវិនិយោគ​អាមេរិក​ជាច្រើន​កំពុង​ចាប់​អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា ហើយ​អ្នក​ដែល​បាន​បណ្តាក់​ទុន​រួច​ហើយ​ក៏​មាន​ការ​ពេញចិត្ត​ខ្លាំង​ដែរ។ លោកស្រី​បាន​បញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​នឹង​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាច្រើន​ទៀត​របស់​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត៕

ប្រធានរដ្ឋសភា​កម្ពុជា ស្នើ​លោក ត្រាំ បន្ត​ជួយ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ