Close

សិង្ហបុរី ឈរនៅលំដាប់កំពូលតារាងជាប្រទេសមានជាងគេបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៥

ដោយ៖ Chhan Sreyka ​​ | 11 ម៉ោងមុន ព័ត៌មានអន្តរជាតិ
សិង្ហបុរី ឈរនៅលំដាប់កំពូលតារាងជាប្រទេសមានជាងគេបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៥ សិង្ហបុរី ឈរនៅលំដាប់កំពូលតារាងជាប្រទេសមានជាងគេបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៥

ភ្នំពេញ៖ យោងតាមទិន្នន័យចុងក្រោយរបស់វេបសាយ WorldAtlas.com សម្រាប់ឆ្នាំ ២០២៥ បានបង្ហាញថាប្រទេស សិង្ហបុរី បន្តឈរនៅលំដាប់កំពូលគេជាប្រទេសដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក។

ការកំណត់ចំណាត់ថ្នាក់នេះ គឺផ្អែកលើ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) គិតជាអំណាចទិញ (PPP) ដែលជារង្វាស់មួយបង្ហាញពីកម្រិតជីវភាពរបស់ប្រជាជន។ បន្ទាប់ពីសិង្ហបុរី ប្រទេស លុចសំបួ និង អៀរឡង់ ក៏បានបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។

ប្រទេសកំពូលទាំង ១០ ដែលមានជាងគេបំផុតគិតត្រឹមឆ្នាំ ២០២៥ មាន សិង្ហបុរី: GDP/Capita (PPP) $156,755 ,លុចសំបួ: GDP/Capita (PPP) $152,915, អៀរឡង់: GDP/Capita (PPP) $134,000, កាតា: GDP/Capita (PPP) $121,605, ន័រវេស: GDP/Capita (PPP) $107,892, ស្វីស: GDP/Capita (PPP) $97,581, ប្រ៊ុយណេ: GDP/Capita (PPP) $95,758, ហ្គីយ៉ាណា: GDP/Capita (PPP) $94,258, សហរដ្ឋអាមេរិក: GDP/Capita (PPP) $89,105 និង ដាណឺម៉ាក: GDP/Capita (PPP) $88,934។

ប្រទេសនីមួយៗក្នុងចំណោមប្រទេសកំពូលៗទាំងនេះ មានកត្តាពិសេសរៀងៗខ្លួនក្នុងការជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន៖
ប្រទេស លុចសំបួ: មានភាពល្បីល្បាញដោយសារ វិស័យធនាគារ និងហិរញ្ញវត្ថុដ៏រឹងមាំ ដែលទាក់ទាញអាជីវកម្មអន្តរជាតិដោយសារស្ថិរភាពនយោបាយ និងកម្លាំងពលកម្មជំនាញ។

ចំណែកប្រទេស អៀរឡង់: បានឆ្លងកាត់ការរីកចម្រើនសេដ្ឋកិច្ចដ៏អស្ចារ្យហៅថា “Celtic Tiger” ដោយសារ ពន្ធក្រុមហ៊ុនទាប ការវិនិយោគបរទេស និងការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ឱសថ និងសេវាកម្មហិរញ្ញវត្ថុ។

ដោយឡែក កាតា: ពឹងផ្អែកយ៉ាងខ្លាំងលើ ធនធានប្រេង និងឧស្ម័នធម្មជាតិ ដ៏សម្បូរបែប ដែលជាប្រភពចំណូលដ៏សំខាន់។ កាតាក៏កំពុងព្យាយាមធ្វើពិពិធកម្មសេដ្ឋកិច្ចតាមរយៈ ចក្ខុវិស័យជាតិឆ្នាំ ២០៣០ ផងដែរ។

ជាមួយគ្នានេះប្រទេស ន័រវេស: មានសេដ្ឋកិច្ចចម្រុះ និងមានការអភិវឌ្ឍន៍ខ្ពស់ ដោយរដ្ឋជាម្ចាស់ភាគច្រើនក្នុងវិស័យយុទ្ធសាស្ត្រដូចជាប្រេង និងឧស្ម័នធម្មជាតិ ដែលគាំទ្រ ប្រព័ន្ធសុខុមាលភាពដ៏រឹងមាំ។

ចំពោះប្រទេសស្វីសវិញ: ល្បីល្បាញដោយសារទ្រព្យសម្បត្តិ និងស្តង់ដារនៃការរស់នៅខ្ពស់ ដោយសារ ការច្នៃប្រឌិត ឧស្សាហូបនីយកម្ម និងស្ថិរភាពនយោបាយ រួមទាំងវិស័យធនាគារដ៏ល្បីល្បាញ។

បន្ថែមពីនេះទៀត ប្រទេសហ្គីយ៉ាណា: បានជួបប្រទះការរីកចម្រើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ចាប់តាំងពីការរកឃើញ ប្រភពប្រេងនៅក្រៅប្រទេស ក្នុងឆ្នាំ ២០១៥ ដែលជំរុញឱ្យ GDP របស់ខ្លួនកើនឡើងយ៉ាងគំហុក។

ដោយឡែកប្រទេសសហរដ្ឋអាមេរិក: នៅតែជា សេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក ដោយផ្អែកលើ GDP ធម្មតា ដោយមាន វិស័យសេវាកម្ម ជាកត្តាជំរុញដ៏សំខាន់ និងជាមជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិត និងបច្ចេកវិទ្យា។

ក្រៅពីបណ្តាប្រទេសទាំងនោះ តំបន់មួយចំនួនក៏មានទ្រព្យសម្បត្តិគួរឱ្យកត់សម្គាល់ផងដែរ មាន ម៉ាកាវ (Macao SAR): GDP/Capita (PPP) ប្រហែល $134,042 ដោយសារវិស័យ ទេសចរណ៍ ល្បែងស៊ីសង និងបដិសណ្ឋារកិច្ច។

សិង្ហបុរីឈរនៅលំដាប់កំពូលតារាងជាប្រទេសមានជាងគេបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៥

មាន កោះតៃវ៉ាន់ (Taiwan Province of China): GDP/Capita (PPP) $84,082 ជាមួយនឹងសេដ្ឋកិច្ចចម្រុះ ដែលមានភាពខ្លាំងក្នុងឧស្សាហកម្ម ផលិតកម្មបច្ចេកវិទ្យាខ្ពស់ និងអេឡិចត្រូនិក។ និង ហុងកុង (Hong Kong SAR): GDP/Capita (PPP) ប្រហែល $77,942 ជា មជ្ឈមណ្ឌលហិរញ្ញវត្ថុសកល ដ៏សំខាន់មួយ។

ចំពោះប្រទេសមានជាងគេតាមទ្វីប/តំបន់វិញ តំបន់ អឺរ៉ុបមាន លុចសំបួ អៀរឡង់ ន័រវេស ។ តំបន់អាស៊ី:មានសិង្ហបុរី កាតា ប្រ៊ុយណេ។ តំបន់អាមេរិកខាងជើងមាន សហរដ្ឋអាមេរិក កាណាដា ប៉ាណាម៉ា ។ ចំពោះអាមេរិកខាងត្បូងមាន ហ្គីយ៉ាណា អ៊ុយរូហ្គាយ ឈីលី ។ បន់អាហ្វ្រិកមាន សីស្ហែល ម៉ូរីស ហ្គាបុង។ ដោយឡែកតំបន់អាស៊ីខាងត្បូងមាន ម៉ាល់ឌីវ ប៊ូតាន ឥណ្ឌា។

ព័ត៌មាននេះបានបង្ហាញយ៉ាងច្បាស់ថា ទ្រព្យសម្បត្តិនៃប្រទេសនីមួយៗត្រូវបានកំណត់ដោយកត្តាជាច្រើន រួមមាន ធនធានធម្មជាតិ គោលនយោបាយសេដ្ឋកិច្ច ការវិនិយោគបរទេស និងការអភិវឌ្ឍន៍វិស័យសំខាន់ៗ៕