Close

រកឃើញទីតាំង «វត្តភ្នំចចក» ក្នុងស្រុកព្រៃកប្បាសជាទីតាំសម្លាប់រង្គាលរបស់ខ្មែរក្រហម

ដោយ៖ Chhan Sreyka ​​ | 41 នាទីមុន ព័ត៌មានជាតិ
រកឃើញទីតាំង «វត្តភ្នំចចក» ក្នុងស្រុកព្រៃកប្បាសជាទីតាំសម្លាប់រង្គាលរបស់ខ្មែរក្រហម រកឃើញទីតាំង «វត្តភ្នំចចក» ក្នុងស្រុកព្រៃកប្បាសជាទីតាំសម្លាប់រង្គាលរបស់ខ្មែរក្រហម

តាកែវ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា បានករឃើញនូវទីតាំងថ្មី គឺ វត្តភ្នំចចក ស្ថិតនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ជាទីតាំងសម្លាប់រង្គាលរបស់ខ្មែរក្រហម ក្នុងចំណោមទីតាំងវត្តផ្សេងទៀត ។ បើតាមមជ្ឈមណ្ឌលឯកសារកម្ពុជា ទីតាំងវត្តនេះ ក្លាយជាទីតាំងសម្លាប់រង្គាលទី ៣៩១ របស់ខ្មែរក្រហមដែលត្រូវបានស្រាវជ្រាវ។

យោងតាមមជ្ឈមណ្ឌលឯកសារកម្ពុជា វត្តនេះ ដែលឥឡូវជាកន្លែងសាសនាដ៏ស្ងប់ស្ងាត់ ត្រូវខ្មែរក្រហមប្រើប្រាស់ជាមន្ទីរឃុំឃាំងអ្នកទោស និងកន្លែងសម្លាប់មនុស្សកាលពីក្នុងអំឡុងឆ្នាំ ១៩៧៧រហូតដល់ចុងឆ្នាំ១៩៧៨។ អ្នកទោសដែលត្រូវបានចោទប្រកាន់ថាជាប់និន្នាការនយោបាយជាមួយរបប លន់ នល់ ឬត្រូវបានចោទប្រកានថាជា “សត្រូវ” ត្រូវបាននាំយកមកកន្លែងនោះនៅពេលព្រលប់ៗ និងពេលយប់។

រកឃើញទីតាំង «វត្តភ្នំចចក» ក្នុងស្រុកព្រៃកប្បាសជាទីតាំសម្លាប់រង្គាលរបស់ខ្មែរក្រហម

មានអ្នកទោសតិចតួចណាស់ដែលនៅរស់រានមានជីវិត។ រណ្តៅធំពីរ ដែលមានទំហំបណ្តាយប្រហែល ៥០ ម៉ែត្រ និងទទឹងប្រហែល ២ ម៉ែត្រ ស្ថិតនៅខាងកើតព្រះវិហារ ត្រូវបានប្រើសម្រាប់ជាទីតាំងសម្លាប់ និងកប់សាកសព។ សព្វថ្ងៃនេះ ផ្នូរទាំងនេះស្ថិតនៅក្រោមស្រទាប់បេតុង និងចេតីយ៍ដែលទើបសាងសង់ថ្មីក្រោយឆ្នាំ១៩៧៩។

សាក្សី ឯក មាន អាយុ៦៧ឆ្នាំ រស់នៅក្នុងឃុំតាំងយ៉ាប បានឃើញផ្ទាល់ភ្នែកនូវការសម្លាប់មនុស្សចំនួន ១០នាក់ កាលពីចុងឆ្នាំ ១៩៧៧។ គាត់បានពិពណ៌នាអំពីការសម្លាប់យ៉ាងឃោរឃៅដោយប្រើដែកភ្លៅរទេះ និងការកាត់ផ្តាច់បំពង់ក និងប្រម៉ាត់ចេញពីរាងកាយសាកសព។

សាក្សីម្នាក់ទៀតឈ្មោះ អ៊ុង លុន អាយុ៦៦ឆ្នាំ រស់នៅឃុំតាំងយ៉ាបដែរ បានប្រាប់ថា គាត់ឮចម្រៀងបដិវត្តន៍បន្លឺឡើងឮៗ ដើម្បីបិទបាំងសម្លេងស្រែករបស់ជនរងគ្រោះ។ ក្រោយមក កាត់បានរកឃើញច្រវាក់ ខ្នោះ និងឧបករណ៍សម្លាប់ជាច្រើននៅក្នុងបរិវេណសម្លាប់ និងមន្ទីរឃុំឃាំង។ សាក្សីទាំងពីរនាក់ បានប៉ាន់ស្មានថា ជនរងគ្រោះចំនួន ៥០០ ទៅ ៦០០ នាក់ត្រូវបានសម្លាប់ និងកប់នៅក្នុងរណ្តៅទាំងពីរ។

រកឃើញទីតាំង «វត្តភ្នំចចក» ក្នុងស្រុកព្រៃកប្បាសជាទីតាំសម្លាប់រង្គាលរបស់ខ្មែរក្រហម

សព្វថ្ងៃនេះ អ្នកភូមិ និងក្មេងៗជំនាន់ក្រោយជាច្រើននាក់ បាននិងកំពុងដើរ និងធ្វើដំណើរឆ្លងកាត់បរិវេណនេះជារៀងរាល់ថ្ងៃ ដោយមិនបានដឹងថាទីតាំងនោះជាកន្លែងពិឃាតមនុស្សជំនាន់ខ្មែរក្រហមឡើយ។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានសង្កត់ធ្ងន់ថា ទីតាំងនេះ គឺជាកន្លែងដ៏មានសារសំខាន់បំផុតសម្រាប់ការរំឭកដល់មនុស្សជំនាន់ក្រោយ អំពីរឿងរ៉ាវដ៏សោកសង្រេងដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម សម្រាប់ការចងចាំយូរអង្វែងពីប្រវត្តិសាស្ត្រនេះ៕

រកឃើញទីតាំង «វត្តភ្នំចចក» ក្នុងស្រុកព្រៃកប្បាសជាទីតាំសម្លាប់រង្គាលរបស់ខ្មែរក្រហម