ក្រសួងការពារជាតិបដិសេធ ចំពោះផេកផ្លូវការរបស់កងទ័ពថៃមានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានកត់សម្គាល់បន្ថែមថា ផេកផ្លូវការរបស់កងទ័ពថៃមានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត ដោយបានចុះផ្សាយថា ”កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ”។
បន្ទាប់មានការផ្សព្វផ្សាយបែពនេះ ត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់ ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។
ទាក់ទិននឹងបញ្ហានេះ ក្រសួងការពារជាតិកម្ពុជា បានធ្វើការបដិសេធ និងបញ្ជាក់នូវការពិតថា៖
១. ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត។
២. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ។
ជាមួយគ្នានេះ ក្រសួងការពារជាតិបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ព្រមទាំងបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត សំដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស៕
