អាមេរិកដាក់បង្ហាញអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ Hypersonic អំឡុងពេលសមយុទ្ធនៅក្នុងប្រទេសអូស្ត្រាលី
អាមេរិក៖ កងទ័ពជើងគោកសហរដ្ឋអាមេរិក បានដាក់ពង្រាយប្រព័ន្ធអាវុធ Hypersonic វាយប្រហាររយៈចម្ងាយឆ្ងាយ (LRHW) របស់ខ្លួននៅក្រៅទ្វីបសហរដ្ឋអាមេរិកជាលើកដំបូងនៅក្នុងអំឡុងពេលសមយុទ្ធយោធា Talisman Sabre 25 នៅភាគខាងជើងនៃប្រទេសអូស្ត្រាលី។
យោងតាមការចុះផ្សាយរបស់ U.S. Army Pacific បានឱ្យដឹងថា ការដាក់ពង្រាយនេះបានបង្ហាញពីសមត្ថភាពរបស់កងកម្លាំងកិច្ចការពហុដែនទី 3 (3MDTF) ក្នុងការបញ្ជូន និងដំណើរការប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់នេះនៅក្នុងបរិយាកាសក្រៅប្រទេស។
ទាក់ទិននឹងបញ្ហានេះ ឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា ការដាក់ពង្រាយនេះគឺជាសមិទ្ធផលដ៏សំខាន់ដែលបង្ហាញពីសមត្ថភាពរបស់បញ្ជាការក្នុងការបញ្ចាំងអំណាច និងគាំទ្រដល់ការការពារប្រទេសអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តសំខាន់មួយនៅក្នុងតំបន់។
ប្រព័ន្ធ LRHW ត្រូវបានចាត់ទុកថាជាសមត្ថភាពដ៏សំខាន់ដែលផ្តល់ឱ្យកងទ័ពនូវលទ្ធភាពក្នុងការវាយប្រហារគោលដៅនៅរយៈចម្ងាយឆ្ងាយក្នុងល្បឿនលឿនខ្លាំង (Hypersonic speeds) ដែលអាចឆ្លើយតបយ៉ាងរហ័សទៅនឹងការគំរាមកំហែងនានា។
សមយុទ្ធនេះក៏បានបង្ហាញផងដែរពីភាពជាដៃគូដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងអូស្ត្រាលី និងការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការធ្វើការរួមគ្នាដើម្បីរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕