Close

ចិន ចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតលើពិភពលោកនៅទីបេ តម្លៃ ១៧០ ពាន់លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ចិន ចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតលើពិភពលោកនៅទីបេ តម្លៃ ១៧០ ពាន់លានដុល្លារ ចិន ចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតលើពិភពលោកនៅទីបេ តម្លៃ ១៧០ ពាន់លានដុល្លារ

ប៉េកាំង៖ ប្រទេសចិនបានចាប់ផ្តើមសាងសង់ជាផ្លូវការនូវទំនប់វារីអគ្គិសនី ដ៏ធំបំផុតរបស់ពិភពលោក ដែលមានទីតាំងនៅភាគខាងកើតនៃតំបន់ទីបេ ដែលមានតម្លៃប្រហែល ១៧០ ពាន់លានដុល្លារ ។ គម្រោងនេះត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ( Li Qiang) ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ហើយត្រូវបានសារព័ត៌មាន Reuters និង nbcnews ចុះផ្សាយបន្ត។

ប្រភពដដែលបន្តថា គម្រោងដ៏ធំមហិមានេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ប្រទេសចិនក្នុងការបង្កើនប្រភព ថាមពលកកើតឡើងវិញ និង កាត់បន្ថយការបំភាយឧស្ម័នកាបូន យ៉ាងច្រើន។ ទំនប់វារីអគ្គិសនីនេះនឹងមានស្ថានីយ៍វារីអគ្គិសនីចំនួន ៥ ដំណាក់ ដែលមានទីតាំងនៅផ្នែកខាងក្រោមនៃ ទន្លេយ៉ាលុង ចាងបូ (Yarlung Zangbo)។

ទន្លេនេះហូរកាត់ចូលទៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស ជាកន្លែងដែលវាប្រែឈ្មោះទៅជា ទន្លេព្រាហ្មបុត្រ (Brahmaputra) ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាជនរាប់លាននាក់នៅផ្នែកខាងក្រោមទន្លេអំពីផលប៉ះពាល់ដែលអាចកើតមានលើការផ្គត់ផ្គង់ទឹក និងជីវភាពរស់នៅ។

នាយករដ្ឋមន្ត្រី លី ឈាង បានលើកតម្កើងគម្រោងនេះថាជា “គម្រោងនៃសតវត្សរ៍” ដោយសង្កត់ធ្ងន់លើតម្រូវការចាំបាច់សម្រាប់ការ អភិរក្សបរិស្ថាន ដើម្បីការពារការខូចខាតបរិស្ថាន។ ខណៈដែលមន្ត្រីចិនអះអាងថា គម្រោងវារីអគ្គិសនីនៅទីបេនឹងមិនមានផលប៉ះពាល់ធំដុំដល់បរិស្ថាន ឬការផ្គត់ផ្គង់ទឹកនៅផ្នែកខាងក្រោមទន្លេនោះទេ ប្រទេសឥណ្ឌា និងបង់ក្លាដែសបានសម្តែងការព្រួយបារម្ភរបស់ពួកគេ។

ចិនចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតលើពិភពលោកនៅទីបេ តម្លៃ ១៧០ ពាន់លានដុល្លារ

អង្គការក្រៅរដ្ឋាភិបាល រួមទាំងយុទ្ធនាការអន្តរជាតិសម្រាប់ទីបេ បានព្រមានថា ទំនប់នេះអាចបង្កការខូចខាតដែលមិនអាចត្រឡប់វិញបានដល់ខ្ពង់រាបទីបេ និងបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់នៅផ្នែកខាងក្រោមទន្លេ។

ទំនប់វារីអគ្គិសនីនេះត្រូវបានគេព្យាករណ៍ថាមានសមត្ថភាពផលិតថាមពលអគ្គិសនីប្រចាំឆ្នាំចំនួន ៣០០ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលត្រូវបានគេរំពឹងថានឹងជួយបំពេញតម្រូវការថាមពលនៅទីបេ និងទូទាំងប្រទេសចិន។ គម្រោងនេះត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែធ្នូ ហើយត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសចិនសម្រេចបាននូវ គោលដៅកាត់បន្ថយការបំភាយកាបូនជាអតិបរមា និងអព្យាក្រឹតភាពកាបូន ជំរុញឧស្សាហកម្មពាក់ព័ន្ធដូចជាវិស្វកម្ម និងបង្កើតការងារនៅទីបេ។

ទីតាំងដែលបានជ្រើសរើសនៅលើទន្លេយ៉ាលុង ចាងបូ ផ្តល់នូវសក្តានុពលវារីអគ្គិសនីដ៏ធំសម្បើម ដោយផ្នែកមួយនៃទន្លេមានកម្ពស់ធ្លាក់ចុះយ៉ាងខ្លាំង ៦,៥៦១ ហ្វីត ក្នុងរយៈពេលត្រឹមតែ ៣១ ម៉ាយប៉ុណ្ណោះ។ ប្រទេសចិនបានចាប់ផ្តើមផលិតថាមពលវារីអគ្គិសនីរួចហើយនៅផ្នែកខាងលើនៃទន្លេយ៉ាលុង ចាងបូ ដែលហូរពីទិសខាងលិចទៅខាងកើតនៃតំបន់ទីបេ៕

https://www.nbcnews.com/world/asia/china-starts-construction-worlds-largest-hydropower-dam-tibet-rcna219940