លីគកំពូលកម្ពុជា៖ ចាន់ វឌ្ឍនាកា ស៊ុតបញ្ជូលទី ២គ្រាប់ ជួយបឹងកេត វាយបកយកឈ្នះ Angkor Tiger ក្នុងសប្ដាហ៍ទី២
(បាល់ទាត់) ៖ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ អតីតកីឡាករឆ្នើមក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានស៊ុតបញ្ជូលទីចំនួន ២គ្រាប់ម្នាក់ឯង ជួយឲ្យក្រុមនាគខៀវបឹងកេត វាយបកយកឈ្នះ Angkor Tiger ក្នុងលទ្ធផល ៤ ទល់នឹង ១ នាពហុកីឡដ្ឋានជាតិអូឡាំពិក។
ជំនួបដ៏ជក់ចិត្ត កាលពីម្សិលមិញនេះ ក្រុម Angkor Tiger ដែលជាក្រុមភ្ញៀវបានបើកការនាំមុខមុន ដោយកីឡាករ Blasco Victor នៅនាទីទី២៩ ដែលជាការលើក Free Kick ផុតដៃដៃអ្នកចាំទីរបស់បឹងកេត។
យ៉ាងណាមិញ ក្រុមបឹងកេត ដែលជាម្ចាស់ផ្ទះ មិនធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តនោះទេ ពោលគឺបានវាយបកទៅលើក្រុមភ្ញៀវវិញចំនួន៤គ្រាប់។ ៤គ្រាប់របស់បឹងកេត រកបានដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទីទី ៤០+៣ និង ៦៤, Yoshihama Ryohel នាទី ៦៦ និងកីឡាករ ម៉ាត់ ណូរុន នៅនាទី ៧៩។
តាមរយៈជ័យជំនះនេះ ធ្វើឲ្យបឹងកេត មាន ៣ពិន្ទុ ក្នុងដៃ ឈរនៅលេខ៤ ក្រោមក្រុមបាល់ទាត់ព្រៃវែង អេហ្វស៊ី ព្រះខ័នរាជស្វាយរៀង និងវិសាខា។
នេះគឺជាជ័យជំនះដំបូងរបស់បឹងកេត នៅលីគកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី២នេះ ខណៈការប្រកួតដំបូង បឹងកេត បានប្រកួតចាញ់ម្ចាស់ការពារដំណែងជើងឯក ភ្នំពេញក្រោន ក្នុងលទ្ធផល ១ ទល់នឹង ២៕