ប្រតិភូដឹកនាំគ្រូបង្វឹក និងកីឡាករ កីឡាការិនីកម្ពុជាចំនួន០៤រូប នឹងចូលរួមក្នុងការប្រកួតកីឡាហែលទឹកជើងឯកពិភពលោកឆ្នាំ២០២៣ នៅប្រទេសជប៉ុន
នៅព្រឹកថ្ងៃ ពុធ ទី១២ ខែកក្កដានេះ សហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញនូវសមាសភាពប្រតិភូដឹកនាំគ្រូបង្វឹក និងកីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជាចំនួន ០៤រូប ដែលត្រូវបានអនុញ្ញាតចាត់បញ្ជូនឲ្យទៅចូលរួមក្នុងការប្រកួតកីឡាហែលទឹកជ្រើសរើសជើង ឯកពិភពលោក ឆ្នាំ២០២៣ (World Aquatics Championships 2023) តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក (World Aquatic) ។
បើតាមការបញ្ជាក់របស់សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជាបានឲ្យដឹងថា កម្មវិធីប្រកួតខាងលើនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងទីក្រុង Fukuoka ប្រទេស Japan ។
សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS) បានអញ្ជើញសហព័ន្ធខ្មែរកីឡាហែលទឹកឱ្យចាត់បញ្ជូនមន្រ្តីថ្នាក់ដឹកនាំចំនួន ០១នាក់ ដើម្បីទៅចូលរួមប្រជុំក្នុងកម្មវិធីមហាសន្និបាតរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS General Congress) ក្នុងនោះសហព័ន្ធកីឡាហែលទឹកកម្ពុជា បានសម្រេចចាត់បញ្ជូន លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីចូលរួមក្នុងកម្មវិធីខាងលើ។
កម្មវិធីប្រជុំសន្និបាតខាងលើនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Fukuoka ប្រទេស Japan ។ ក្នុងការទៅចូលរួមប្រជុំក្នុងកម្មវិធីខាងលើនេះ គឺសហព័ន្ធខ្មែរកីឡាហែលទឹកត្រូវបានជ្រើសរើសឱ្យឡើងធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់សហព័ន្ធ និងការជួយជម្រុញគាំទ្របន្ថែមសម្រាប់ការអភិវឌ្ឍបន្ត មានតែ ១០ប្រទេសប៉ុណ្ណោះ ដែលជាសមាជិករបស់សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS) ត្រូវបានជ្រើសរើសឱ្យឡើងធ្វើបទបង្ហាញនេះ ហើយនេះក៏ជាលើកទី១ សម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹកបានធ្វើឱ្យពិភពលោក ស្គាល់អំពីការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា “កីឡារស់ក្នុងសន្តិភាព”៕