Paulo Dybala និយាយអំពីអនាគតរបស់ខ្លួនជាមួយ Roma ចំពេលមានពាក្យចចាមរាម ថា Chelsea ចង់បាន
តារាឆ្នើមរបស់ Roma កីឡាករ Paulo Dybala បានច្រានចោលការរំពឹងទុកថា ខ្លួនអាចទៅចូលរួមជាមួយក្លិបតោខៀវ Chelsea នៅរដូវក្តៅនេះ ហើយទទូចថា នឹងបន្តជាមួយក្លឹប Serie A មួយនេះ។
កីឡាករអន្តរជាតិសញ្ជាតិអាហ្សង់ទីន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ភាគខាងលិចទីក្រុងឡុងដ៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយនឹងលក្ខខណ្ឌនៃការទិញយកក្នុងតម្លៃត្រឹមតែ ១២ លានអឺរ៉ូ ប៉ុណ្ណោះ។
ថ្មីៗនេះ គ្រូបង្វឹកថ្មីរបស់ Chelsea លោក Mauricio Pochettino ត្រូវបានគេដឹងថា ជាអ្នកគាំទ្រដ៏ធំមួយរបស់ Dybala ហើយបានព្យាយាមចុះហត្ថលេខាយករូបគេ ក្នុងអំឡុងពេលលោកនៅ Tottenham និង Paris Saint-Germain។
ជុំវិញបញ្ហានេះ ធ្វើឲ្យសមីខ្លួននៅមិនសុខក៏ចេញមុខ បញ្ជាក់អំពីពាក្យចចាមរាមនៃការផ្ទេរ តាមរយៈកាសែត LAROMA24 ថា៖ ‘ខ្ញុំមានការលើកទឹកចិត្ត សម្រាប់រដូវកាលនេះ ហើយបើសួរពីអនាគតរបស់ខ្ញុំ? ខ្ញុំសប្បាយចិត្តនៅ Roma។ ខ្ញុំនឹងស្នាក់នៅទីនេះ»។
ទោះយ៉ាងណា ខ្សែការពារជើងចាស់ Thiago Silva ប្រាប់ Sky Sport Italia ថា “ខ្ញុំបានឃើញ Paulo Dybala នៅទីនេះ ហើយប្រព័ន្ធផ្សព្វផ្សាយ និយាយអំពីគាត់មក Chelsea ។ ខ្ញុំបាននិយាយជាមួយគាត់ ហើយបានសួរគាត់ថា តើគាត់មក ឬទេ? ខ្ញុំប្រាប់គាត់ថា ខ្ញុំចង់លេងជាមួយគាត់ វានឹងក្លាយជាការចុះហត្ថលេខាដ៏ធំមួយ។ ដូច្នេះយើងនឹងចាំមើលទាំងអស់គ្នា»។
ទោះបីជារដូវកាលមុន Dybala ត្រូវបានរារាំងដោយរបួសក៏ដោយ ក៏គាត់នៅតែស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦ដង ក្នុងការបង្ហាញខ្លួន ២៦លើកក្នុងក្របខ័ណ្ឌ Serie A ក៏ដូចជាស៊ុតបញ្ចូលទីបាន ៥គ្រាប់ ក្នុងដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League៕