រយៈពេល ៦ ខែឆ្នាំ នេះ សម្តេចក្រឡាហោម ស ខេង ទទួលសំណូមពរ និងសំណួរពីពលរដ្ឋចំនួន ៣៩៧គណនី
ភ្នំពេញ៖ ចាប់ពីខែមករា រហូតដល់ ខែមិថុនា ឆ្នាំ២០២៣ ( ៦ ខែ ) សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋតាមរយៈហ្វេសប៊ុករបស់សម្តេច ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៣៩៧គណនី បានដោះស្រាយ និងឆ្លើយតបចំនួន ១៣២គណនី កំពុងដោះស្រាយចំនួន ១៨១គណនី។
តាមលទ្ធផលការងារ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា បើគិតពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារ ទទួលមតិយោបល់ សំណើ សំណូមពរ និងបញ្ហានានាចំនួន ៣,៧៧៧គណនី ក្នុងនោះបានដោះស្រាយឆ្លើយតប ២,២៦៦គណនី កំពុងពិនិត្យដោះស្រាយ៤៥៥គណនី។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា វឌ្ឍនភាពជាបន្តបន្ទាប់នៃការងារនេះ អាចសម្រេចបានក៏ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ។
ជាមួយគ្នានេះ សម្តេច ក្រឡាហោម បានកោតសរសើរមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួនដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍ ។ល។
បន្ថែមពីនេះ សម្តេចក្រឡាហោម ក៏បាន ស្នើសុំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថាដំណោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង”។
ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង ក៏សូមការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕