Close

ស៊ូ យ៉ាទី សង្ឃឹម ៦០ភាគរយ ថាអាចលើកពាន KCC PRE-SEASON CUP 2023 នៅថ្ងៃអាទិត្យនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ កីឡា
ស៊ូ យ៉ាទី សង្ឃឹម ៦០ភាគរយ ថាអាចលើកពាន KCC PRE-SEASON CUP 2023 នៅថ្ងៃអាទិត្យនេះ ស៊ូ យ៉ាទី សង្ឃឹម ៦០ភាគរយ ថាអាចលើកពាន KCC PRE-SEASON CUP 2023 នៅថ្ងៃអាទិត្យនេះ

នៅថ្ងៃអាទិត្យ ទី០៩ ខែកក្តដា ឆ្នាំ២០២៣ ម៉ោង ៧:០០ យប់ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ សមាជិកលីគកំពូលកម្ពុជា នឹងប្រកួតដណ្ដើមមុនបើករដូវកាល KCC PRE-SEASON CUP 2023 ជាមួយក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈការប្រកួតធ្វើឡើងនៅ AIA STADIUM KMHPARK។

ទោះជាយ៉ាងណា មុនការប្រកួតមកដល់នៅចុងសប្ដាហ៍នេះ អ្នកចាំទីឆ្នើមរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ កីឡាករ ស៊ូ យ៉ាទី បានបង្ហាញពីចំណាប់អារម្មណ៍ខ្លះៗ និងបានដាក់ក្ដីរំពឹងថា នឹងអាចជួយក្លិបលើកពានរង្វាន់ខាងលើនេះ។

អ្នកចាំទីចាស់វស្សារូបនេះ បានប្រាប់មកកាន់ ENN News នៅព្រឹកថ្ងៃពុធ ទី៥ ខែកក្កដានេះថា ៖« ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលបានឈានមកកាន់វគ្គផ្ដាច់ព្រ័ត្រនេះ ទោះបីជាពាន KCC PRE-SEASON CUP 2023 ជាពានតូចមួយក៏ដោយ ព្រោះវាជួយឲ្យក្រុមយើងទាំងមូលបានលេង ដើម្បីដកស្រងបទពិសោធន៍ និងកែចំណុចខ្វះខាតរបស់ក្រុម ដើម្បីត្រៀមខ្លួនបើករដូវកាលថ្មីលីគកំពូលកម្ពុជា»។

អ្នកចាំទីដៃស្អិតរូបនេះបានបន្តថា ៖ « សម្រាប់ការប្រកួតនៅចុងសប្ដាហ៍នេះ ខ្ញុំសង្ឃឹមត្រឹម ៦០ភាគរយ ប៉ុណ្ណោះ ពីព្រោះក្រុម អាយ អេស អាយ ដង្កោសែនជ័យ ជាក្រុមមួយដែលខ្លាំង ដែលទើបតែឡើងមកកាន់លីគកំពូលរដូវកាលថ្មីនេះ ដូច្នេះមិនអាចមើលស្រាលគាត់បានទេ ម្យ៉ាងយើងលេងក្នុងទឹកដីគាត់»។

គួរបញ្ជាក់ថា មុនឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមបាល់ទាត់ណាហ្គាវើលដ៍ បានយកឈ្នះគូប្រជែងក្នុងលីគ Tiffy Army ក្នុងលទ្ធផល ២ ទល់នឹង ១ ក្នុងការប្រកួតនោះ អ្នកចាំទី ស៊ូ យ៉ាទី បានជួយសង្រ្គោះបាល់ពីការស៊ុតរបស់ Tiffy Army ជាច្រើនគ្រាប់៕

អត្ថបទទាក់ទង