ប្រមូលកាកសំណល់ចេញពីផ្សារទៅធ្វើជីកំប៉ុស បុរសម្នាក់អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ
(ភ្នំពេញ)៖ ចេញពីគ្រួសារដែលមានឈាមជ័រជាកសិករ តជំនាន់ ធ្វើឱ្យបុរសម្នាក់ហាក់នៅតែមានចិត្តស្រឡាញ់មុខរបរជាកសិករ។ ប៉ុន្តែទន្ទឹមនឹងការវិវត្តិរបស់សង្គមបច្ចុប្បន្ននេះ តម្រូវឱ្យកសិរចេះ ធ្វើកសិកម្មប្រកបដោយភាពច្នៃប្រឌិត ទើបអាចញុំាងឱ្យពួកគេមានជីវភាពល្អប្រសើរបាន។
ដោយមើលឃើញកាកសំណល់ជាច្រើនដែលជោរជន់នៅតាមផ្សារ លោក គីម នីដូ បាននឹកឃើញ ពីការប្រមូលកាកសំណល់ទាំងនោះទៅកែច្នៃជាជីកំប៉ុស។ តាមរយៈគំនិតនេះ លោកបានចាប់ផ្ដើម ការប្រមូលកាកសំណល់ក្នុងឆ្នាំ ២០១១ និងចាប់ផ្ដើមដំណើរការជាអាជីវកម្មផ្លូវការនៅឆ្នាំ ២០១៣។
លោក គីម នីដូ ស្ថាបនិកក្រុមហ៊ុន Twin Agri Tech បានឱ្យដឹងថា៖ « គោលបំណងនៃការបង្កើតអាជីវកម្មនេះគឺ ទី១យើងបង្កើតឡើងដោយមិនទាន់គិតពីប្រាក់ចំណូលអីទេ គឺគ្រាន់តែចង់ឱ្យ ប្រជាជនយើងនៅក្នុងទីក្រុងចេះប្រមូលកាកសំណល់សេរីរាង្គ យកមកធ្វើជាជី ឬក៏ធ្វើជារបស់ដែល មានប្រយោជន៍ឡើងវិញ។ ទី២ ដែលយើងគិតដែរថា បើសិនជាយើងបន្តធ្វើបែបនេះ ថ្ងៃណាមួយ យើងនឹងអស់ថវិកាសម្រាប់ធ្វើ យើងនឹងឈប់ ឬដួលតែម្ដង អីចឹងយើងត្រូវការគិតពីចំណូលដើម្បីទ្រ ទ្រង់អាជីវកម្មបន្តទៀត។»
ក្នុងដំណើរការធ្វើជីសេរីរាង្គរបស់លោក គឺលោកបានប្រមូលកាកសំណល់ជីវៈចេញពីផ្សារជម្ពូវ័ន និងរក្សាទុកបន្លែទាំងនោះរហូតដល់រលួយ ទើបអាចបង្កើតជាជីសេរីរាង្គបាន។ បើតាមការឱ្យដឹង របស់លោក ជាទូទៅគឺត្រូវការពេលពី ៣០ថ្ងៃ ទៅ ៤៥ថ្ងៃ ដើម្បីឱ្យកាកសំណល់ទាំងនោះរលួយ។
យ៉ាងណាមិញ ដើម្បីធានានិរន្តរភាពនៃអាជីវកម្ម លោកមិនត្រឹមតែធ្វើជីសេរីរាង្គនោះទេ លោកក៏បន្ថែមជីអាចន៍ជន្លេនមួយប្រភេទទៀត ដែលជីនេះមានអត្ថប្រយោជន៍ខ្ពស់ចំណោះផ្ទៃដី ដាំដុះរបស់ប្រជាកសិករ។
លោក គីម នីដូ៖ «ការចិញ្ចឹមជន្លេននេះគឺយើងចង់ ឱ្យដីដែលចេញពីអាចន៍ជន្លេនមានជីវជាតិល្អ សម្រាប់ផ្ទៃដីដាំដុះ ធ្វើកសិកម្មរបស់យើង ដោយសារបច្ចុប្បន្ន ប្រជាជនយើងប្រើប្រាស់នូវជីគីមីភាគច្រើន ដូច្នេះនៅពេលដែលយើងឃើញពួកគាត់ប្រើប្រាស់ជីគីមីកាន់តែច្រើន យើងចង់ផលិតជីធម្មជាតិ ដើម្បីកែប្រែដី។ »
សម្រាប់លោក ការប្រមូលកាកសំណល់ពីផ្សារមកត្រូវបានបែងចែកជា២ផ្សេងគ្នា មួយប្រភេទជាបន្លែ ដែលនៅស្រស់ ដែលលោកយកទៅឱ្យជន្លេនស៊ី និងមួយប្រភេទទៀតសម្រាប់បន្លែដែលមិនសូវល្អ លោកយកទៅធ្វើជាជីកំប៉ុស ឬជីសេរីរាង្គ។
ដោយសារតែ ជីដែលលោកផលិតបានជាជីធម្មជាតិ និងមានតម្លៃថោកជាងជីគីមី លោកតែងទទួល បានការកម្មង់ទិញជាច្រើនពីកសិករ និងថែមទាំងមានចុះកុងត្រាទិញ លក់ ជាមួយកសិករដែលដាំដុះ ក្នុងទ្រង់ទ្រាយធំទៀតផង។
រីឯផលិតផលជីទៀតសោត លោកបានបែងចែកជា៣ប្រភេទ ដែលមានតម្លៃខុសៗគ្នាគឺ ជីកំប៉ុសសុទ្ធ ដែលលោកលក់ក្នុងតម្លៃ ១៣៥ដុល្លារក្នុងមួយតោន ជីកំប៉ុសលាយអាចន៍ជន្លេន១០% ដែលលោកលក់ក្នុងតម្លៃ ១៦៥ដុល្លារក្នុងមួយតោន និងជីអាចន៍ជន្លេនសុទ្ធដែលមានតម្លៃ ៣៥០ដុល្លារក្នុងមួយតោន។
លោកបានបន្តថា៖ « សម្រាប់ការលក់ ជាធម្មតាអាស្រ័យលើភ្ញៀវដែរទេ បើភ្ញៀវកុងត្រាមួយខែក៏ ៣០០ ទៅ៥០០តោនដែរ តែបើសិនជាភ្ញៀវគាត់ចង់បានរហូតដល់ ៨០០តោន ក៏យើងអាចផលិតបានដែរ។»
ដូច្នេះគិតជាមធ្យម បើសិនជាលោកអាចលក់បានមួយខែត្រឹម ៤០០តោន ក៏អាចរកចំណូលបាន ខ្ទង់ ៨ម៉ឺនដុល្លារដែរក្នុងមួយខែ។
ជាចុងក្រោយ លោកបានសំណូមពរដល់កសិករគ្រប់រូប ដោយសូមឱ្យពួកគេគាំទ្រផលិតផលខ្មែរឱ្យបានច្រើន ចំណែកឯក្រុមហ៊ុនកសិកម្មលោកសូមឱ្យគិតគូលើតម្លៃលក់ជីកសិកម្មផង៕