Close

ទឹកធ្លាក់ភ្នំឱរ៉ាល់ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិកំពុងលាក់ខ្លួនបង្អួតសម្រស់នៅកណ្តាលព្រៃជើងភ្នំឱរ៉ាល់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ទឹកធ្លាក់ភ្នំឱរ៉ាល់ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិកំពុងលាក់ខ្លួនបង្អួតសម្រស់នៅកណ្តាលព្រៃជើងភ្នំឱរ៉ាល់ ទឹកធ្លាក់ភ្នំឱរ៉ាល់ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិកំពុងលាក់ខ្លួនបង្អួតសម្រស់នៅកណ្តាលព្រៃជើងភ្នំឱរ៉ាល់

កំពង់ស្ពឺ៖ ទឹកធ្លាក់ភ្នំឱរ៉ាល់គឺ ជាទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលបាននិងកំពុងលាក់ខ្លួនបង្អួតសម្រស់នៅកណ្តាលព្រៃជើងភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បើតាមការចុះផ្សាយរបស់ CNC រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិភ្នំឱរ៉ាល់នេះ មានចម្ងាយប្រមាណជា ៩០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ពីរង្វង់មូលកន្ទួត នៃស្រុកឱរ៉ាល់។

រមណីយដ្ឋានទឹកធ្លាក់ភ្នំឱរ៉ាល់ គេមិនសូវស្គាល់ និងចាប់អារម្មណ៍នោះទេ ព្រោះរមណីយដ្ឋាននេះហាក់នៅដាច់ឆ្ងាយក្នុងព្រៃ និងមិនមានការរៀបចំផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ម្យ៉ាងវិញទៀត គេមិនស្គាល់ និងកាន់តែគ្មានអ្នកចាប់អារម្មណ៍ចង់ទៅលេងកម្សាន្តទៀតនោះគឺ ដោយសារតែគ្មានបណ្តាញគមនាគមន៍ឱ្យបានត្រឹមត្រូវ និយាយរួម ផ្លូវពិបាកក្នុងការធ្វើដំណើរ បើចង់ទៅលេងអាចធ្វើដំណើរបានតែតាមម៉ូតូប៉ុណ្ណោះ។

ទឹកធ្លាក់ភ្នំឱរ៉ាល់ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិកំពុងលាក់ខ្លួនបង្អួតសម្រស់នៅកណ្តាលព្រៃជើងភ្នំឱរ៉ាល់

អ្នកធ្វើដំណើរត្រូវជិះម៉ូតូលើផ្លូវពិបាកដោយឆ្លងកាត់ប្រឡាយ អូរ ជាច្រើនកន្លែងទម្រាំទៅដល់ចំណុចមួយដែលត្រូវទុកម៉ូតូចោល ហើយត្រូវធ្វើដំណើរដោយថ្មើរជើងជិតមួយម៉ោងទៀតទើបទៅដល់។ កន្លងមកមានតែអ្នកដែលចូលចិត្តបោះតង់ បែបផ្សងព្រេងប៉ុណ្ណោះទើបទៅដល់។

លោក សួស ប៊ុនធឿន អភិបាលរងស្រុកឱរ៉ាល់ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ថា ជិត២ឆ្នាំហើយដែលរមណីយដ្ឋានទឹកធ្លាក់ភ្នំឱរ៉ាល់ ត្រូវបានគេស្គាល់ និងមានអ្នកទៅលេងកម្សាន្តបន្តបន្ទាប់ ក្រោយមានការរៀបចំ និងយកចិត្តទុកដាក់ពីអាជ្ញាធរស្រុកឱរ៉ាល់ និងមន្ទីរជំនាញទេសចរណ៍ ពិសេស សហគមន៍ទេសចរណ៍ទឹកធ្លាក់ភ្នំឱរ៉ាល់។

លោកអភិបាលរងស្រុកឱរ៉ាល់ បានបន្តទៀតថា បច្ចុប្បន្នរមណីយដ្ឋានធម្មជាតិមួយនេះ ត្រូវបានប្រែមុខមាត់ ផ្លូវគមនាគមន៍ត្រូវបានឈូសឆាយសម្រួលចរាចរណ៍ យានយន្តគ្រប់ប្រភេទអាចធ្វើដំណើរទៅមកបានដោយរលូន ដោយទៅចតនៅក្បែរនឹងទឹកធ្លាក់ ហើយធ្វើដំណើរដោយថ្មើរជើងត្រឹមតែប្រមាណ ១០ទៅ១៥នាទី នឹងទៅដល់កន្លែងលេងទឹកហើយ ដែលជាហេតុធ្វើឱ្យមានអ្នកទៅលេងច្រើននៅក្នុងឆ្នាំ២០២៤។

ទឹកធ្លាក់ភ្នំឱរ៉ាល់ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិកំពុងលាក់ខ្លួនបង្អួតសម្រស់នៅកណ្តាលព្រៃជើងភ្នំឱរ៉ាល់

ជាមួយនេះដែរ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានលើកឡើងថា ខេត្តកំពង់ស្ពឺ ជាខេត្តមួយដែលមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ ក្នុងនោះទេសចរណ៍ធម្មជាតិក៏កំពុងទាក់ទាញខ្លាំងដល់អ្នកទេសចរណ៍ជាតិ អន្តរជាតិ ពិសេសអ្នកចូលចិត្តបែបផ្សងព្រេង និងបោះតង់ស្តាប់សត្វយំ មើលព្រៃឈើ ផ្កាភ្ញី ទឹកធ្លាក់ជាដើម។

លោកបន្ថែមថា បច្ចុប្បន្ន មន្ទីរកំពុងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបង្កើនការរៀបចំឱ្យបានកាន់តែល្អប្រសើរ ដើម្បីទទួលភ្ញៀវទេសចរណ៍ទៅលេង ពិសេសរៀបចំប្រព័ន្ធសុវត្ថិភាព៕

ទឹកធ្លាក់ភ្នំឱរ៉ាល់ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិកំពុងលាក់ខ្លួនបង្អួតសម្រស់នៅកណ្តាលព្រៃជើងភ្នំឱរ៉ាល់