និស្សិតវិទ្យាស្ថានតិចណូយកជំនាញទៅធ្វើការរួមគ្នា បង្កើតជាអាជីវកម្មតូចមួយ
ជាការពិត ការរៀនជំនាញគឺមានផលប្រយោជន៍ច្រើន ជាពិសេសនៅពេលដែលសិស្ស និស្សិតដែល រៀនជំនាញផ្ទាល់ចេះយកចំណេះ ជំនាញនោះទៅប្រើប្រាស់ឱ្យសមស្របតាមតម្រូវការទីផ្សារ។ វិទ្យសាស្ថានបច្ចេកវិទ្យាកម្ពុជា ឬដែលគេស្គាល់ថាជា វិទ្យាស្ថានតិចណូ ជាកន្លែងដែលបណ្ដុះបណ្ដា លជំនាញជាច្រើន ហើយដែលមានវត្តមាននៅកម្ពុជាជាច្រើនឆ្នាំមកហើយ។
ជំនាញដែលមានការពេញនិយមសិក្សាពីសិស្ស និស្សិតរួមមាន វិស្វកម្ម សំណង់ អគ្គីសនី និងគីមីអា ហារជាដើម។ និស្សិតដែលបញ្ចប់ការសិក្សាទៀតសោត មានជម្រើសការងារច្រើន ដោយពួកគេអាច បម្រើការងារតាមស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងអាចបង្កើតជាអាជីវម្មផ្ទាល់ខ្លួន ដោយប្រើប្រាស់ ជំនាញដែលខ្លួនមានតែម្ដង។
មិនត្រឹមតែអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួន និស្សិតដែលកំពុងសិក្សា ឬបញ្ចប់ការសិក្សាហើយ ថែមទាំងអាចបូកបញ្ចូលនូវជំនាញរបស់ខ្លួន សម្រាប់បង្កើតអាជីវកម្មរួមគ្នាផងដែរ។ ជាក់ស្ដែង និស្សិតផ្នែកអគ្គីសនីមួយរូប បានប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងការបង្កើតម៉ាស៊ីនស្គេន QR សម្រាប់លក់ចំណីអាហារ និងភេសជ្ជៈផ្សេងៗ។
លោក ជា ផេងអ៊ូ ជានិស្សិតដែលកំពុងសិក្សាឆ្នាំទី៥ និងជាម្នាក់ក្នុងចំណោមសមាជិក ៤នាក់ទៀត ដែលបានផ្ដួចផ្ដើមគំនិតគ្នាបង្កើតជាម៉ាស៊ីនមួយដែលមានឈ្មោះថា Vending Machine កាលពីឆ្នាំ ២០២២។
ម៉ាស៊ីននេះ អាចឱ្យអតិថិជនទិញយកភេសជ្ជៈដោយគ្រាន់តែស្គេន QR ដែលមានបិទនៅលើម៉ាស៊ីន នោះ និងជ្រើសរើសភេសជ្ជៈជាការស្រេច។ អ្វីដែលកាន់តែងាយស្រួលសម្រាប់អតិថិជនគឺ ពួកគេ អាចទូទាត់តាមធនាគារផងដែរ។
លោក ជា ផេងអ៊ូ បានរៀបរាប់ថា៖ « មកដល់បច្ចុប្បន្ននេះ ពួកយើងអភិវឌ្ឍន៍បាន ២ជំនាន់ហើយ ដោយជំនាន់ទី១ យើងប្រើ QR Code តែត្រូវផ្ទៀងផ្ទាត់ជាមួយលេខកូដ តាមរយៈសារ SMS ដែលទទួលបានពីខាងធនាគារដែលគិតគូរទៅលើតម្លៃ និងការកាត់ប្រាក់ ដើម្បីឱ្យទូអគ្គិសនីដំណើរការ។
ចំណែកជំនាន់ទី២ គឺលឿនជាមុន ៣ដង ដែលយើងប្រើប្រព័ន្ធទូទាត់ប្រាក់របស់បាគង ប្រើអ៊ីនធឺណិតដោយមិនចាំបាច់ផ្ទៀងផ្ទាត់លេខកូដទៀតនោះទេ ពោលគឺគ្រាន់តែស្កេន នោះភេសជ្ជៈនឹងធ្លាក់ពីទូអគ្គិសនីមក។ »
គិតមកដល់ពេលនេះ ក្រុមនិស្សិតផ្នែកអគ្គីសនីទាំង៥នាក់ បានបង្កើតម៉ាស៊ីនលក់ភេសជ្ជៈនេះចំនួន ៦ហើយ ក្នុងនោះក៏មានការសហការជាមួយនិស្សិតផ្នែកចំណីអាហារដើម្បីដាក់តាំងលក់ភេសជ្ជៈ ដែលផលិតបាន នៅក្នុងបរិវេនវិទ្យាស្ថានផងដែរ។
និស្សិតផ្នែកចំណីអាហារដែល យុវជន ជា ផេងអ៊ូ លើកឡើងនេះ គឺសំដៅដល់ក្រុមនិស្សិតដែលបាន សិក្សា ស្រាវជ្រាវ បង្កើតជាភេសជ្ជៈចេញពីសណ្ដែក ហើយដែលបច្ចុប្បន្ននេះផលិតផល «អូនសណ្ដែក» កំពុងដាក់លក់ក្នុង Vending Machine ។
បើតាមនិស្សិត ជា ផេងអ៊ូ កាលពីដំបូងឡើយខ្លួន និងសមាជិកមិនទាន់ដាក់គោលដៅបង្កើតជា អាជីវកម្មនៅឡើយទេ ប៉ុន្តែបន្ទាប់ពីបានការជួយជ្រោមជ្រែងពីសំណាក់គ្រូបន្ទុកថ្នាក់ ក្រុមនិស្សិត រកបានការឧបត្ថម្ភមួយចំនួនដើម្បីដំណើរការបន្តក្នុងនាមជាអាជីវកម្មមួយពេញលេញ។
ប៉ុន្តែយ៉ាងណា ដើម្បីឱ្យអាជីវកម្មមួយនេះកាន់តែរីកចម្រើន ឆ្នាំ ២០២៤ ក្រុមនិស្សិតទាំង៥នាក់ បានធ្វើផែនការថ្មី ដោយនឹង៖ «បើកទទួលការកុម្មង់ក្នុងការផលិតម៉ាស៊ីនសម្រាប់អតិថិជនទូទៅ ហើយការកម្មង់នេះមាន២ជម្រើស ទី១គឺខ្នាតស្តង់ដារ ដែលមានតូច មធ្យម និងធំ ចំណែកមួយប្រភេទទៀតគឺធ្វើតាមបែបបទដែលអតិថិជនកុម្ម៉ង់ ទាំងរូបរាង ទំហំ និងសម្រាប់ប្រភេទផលិតផលផ្សេងក្រៅពីភេសជ្ជៈជាដើម»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់យុវជន ជា ផេងអ៊ូ៕