ប្រាសាទអង្គរវត្ត ជាទីពេញនិយមនៃការថតរូបមុនរៀបអាពាហ៍ពិពាហ៍ ឬហៅថា Pre Wedding
សៀមរាប៖ ប្រាសាទអង្គរវត្ត ទាក់ទាញទេសចរចម្រុះជាតិសាសន៍ឱ្យមកទស្សនា និងថតរូបអនុស្សាវរីយ៍ជាមួយសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ក្បាច់ចម្លាក់ទេពកថា ទេសភាពព្រៃឈើ និងស្មៅបៃតងជាដើម។
ប្រាសាទអង្គរវត្ត ក៏ជាទីតាំងទាក់ទាញសម្រាប់ថតរូបមុនរៀបអាពាហ៍ពិពាហ៍ ឬហៅថា ថតរូប Pre Wedding ដល់កូនកម្លោះក្រមុំមកពីគ្រប់បណ្ដាខេត្តក្រុងផ្សេងៗ និងបរទេសផង ត្រៀមសម្រាប់មុនថ្ងៃចូលរោងមង្គលការ ដែលមានតែម្តងនៅក្នុងឆាកជីវិត។
លោក ឡេក គឹមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ប្រាសាទអង្គរវត្ត ឱ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រោយថ្ងៃចេញវស្សា នៅប្រាសាទអង្គរ ក្នុងមួយថ្ងៃមានកូនកម្លោះក្រមុំ យ៉ាងហោចណាស់ពី៥០ទៅ៦០គូ មកថតរូបមុនរៀបអាពាហ៍ពិពាហ៍ទុកជាអនុស្សាវរីយ៍។ ការថតរូបអាពាហ៍ពិពាហ៍ដោយភ្ជាប់ជាមួយប្រាសាទអង្គរវត្ត មានតាំងតែពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ អ្នកថតរូបទៀតសោត បានជ្រើសរើសទីតាំងពិសេសៗ និងកាលវេលាតាមការច្នៃប្រឌិតបានធ្វើឱ្យរូបភាពមានកាន់តែមានសោភ័ណភាព និងស្រស់ស្អាតប្រៀបបានឋានសួគ៌លើដី។

លោក ឡេក គឹមលីន បញ្ជាក់ថា ប្រាសាទអង្គរវត្ត មានទីតាំងជាច្រើនដែលកូនកម្លោះក្រមុំនិយមថតរូប មានចាប់ពីច្រាំងកសិន្ធុច្រកចូលពីទិសខាងលិច រោងទងទី១ បណ្ណាល័យខាងត្បូងខាងជើង ស្រះទឹក ក្តាបែន តាមជ្រុងនីមួយៗនៃរួតទី១ និងច្រកទ្វារចុះទៅខ្លោងទ្វារខាងជើង ឬហៅថា គុហ៍តាឡឹក រួមនិងទីតាំងជាច្រើនទៀត តាមការច្នៃប្រឌិតរបស់អ្នកថតរូបនីមួយៗ។ ក្រៅពីប្រាសាទអង្គរវត្ត នៅក្រុងអង្គរធំ និងប្រាសាទផ្សេងៗទៀត ក៏ជាទីពេញនិយមនៃថតរូបអាពាហ៍ពិពាហ៍ដែរ មានដូចជា នៅខ្លោងទ្វារទន្លេអុំ ខ្លោងទ្វារតាកាវ ខ្លោងទ្វារដីឆ្នាំង ព្រះលានជល់ដំរី ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ប្រាសាទបន្ទាយក្តី និងប្រាសាទប្រែរូបជាដើម។

ក្រុមការងារភ្នាក់ងារទេសចរណ៍យល់ឃើញថា ការណ៍ដែលប្រាសាទអង្គរវត្ត និងប្រាសាទនានាបានក្លាយជាទីពេញនិយមសម្រាប់ថតរូបអាពាហ៍ពិពាហ៍ ដោយសារតែអង្គរ គឺជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញរបស់ពិភពលោក និងជាដួងព្រលឹងនៃអត្តសញ្ញាណជាតិរបស់ខ្មែរ។ ការមកថតរូបអាពាហ៍ពិពាហ៍ដោយភ្ជាប់ជាមួយអង្គរនេះ ពលរដ្ឋខ្មែរយល់ថា ក្នុងមួយជីវិតរៀបការតែម្ដង គឺចង់ភ្ជាប់អនុស្សាវរីយ៍ជាមួយនិងកន្លែងដ៏ល្បីល្បាញ។ ម្យ៉ាងទៀត ការស្លៀកពាក់បែបប្រពៃណីខ្មែរស័ក្តិសមទៅនឹងសំណង់ប្រាសាទបុរាណដ៏អស្ចា្យ ដែលបុព្វបុរសខ្មែរបានបន្សល់ទុក ហើយរួមជាមួយនិងទេសភាពប្រាសាទជាមួយព្រៃឈើ និងស្មៅពណ៌បៃតងផងនោះ កាន់តែធ្វើឱ្យរូបភាពអនុស្សាវរីយ៍មានតម្លៃ និងស្រស់ស្អាត។
ខណៈពេលដែលពលរដ្ឋពេញនិយម មកថតរូបអាពាហ៍ពិពាហ៍នៅអង្គរកាន់តែច្រើនឡើងៗនេះ អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវដល់អ្នកថត ត្រូវចេះយោគយល់គ្នានៅពេលដែលមានអ្នកថតច្រើនចំពោះទីតាំងដែលមានការមមាញឹកថត និងទីតាំងចង្អៀត ហើយត្រូវទុកដាក់សម្ភារ ឬដបកែវភេសជ្ជៈឱ្យបានត្រឹមត្រូវចៀសវាងជ្រុះ ឬភ្លេចនាំឱ្យបាត់បង់អនាម័យ និងសណ្តាប់ធ្នាប់ល្អ។ សូមរួមគ្នាលើកតម្លៃនៃរមណីយដ្ឋានអង្គរ ព្រមទាំងបរិស្ថានស្អាត ដើម្បីលើកស្ទួយវប្បធម៌ និងទេសចរណ៍នៅកម្ពុជាកាន់តែរីកចម្រើន៕
