Messi ថៃ រកទ្រនំថ្មីបានហើយ ក្រោយចែកផ្លូវជាមួយ Kawasaki Frontale របស់ជប៉ុន
ប្រធានក្រុមជម្រើសជាតិថៃ ដែលអ្នកគាំទ្រថៃ ហៅថា Messi ថៃ កីឡាករ Chanathip Songkrasin រកបានទ្រនំថ្មីហើយគឺក្លិប BG Pathum United ក្រោយចាកចេញពីទឹកដីជប៉ុន J League បន្ទាប់ពីចែកផ្លូវជាមួយក្លឹប Kawasaki Frontale សមាជិកលីកកំពូលជប៉ុន។
ក្លិបបាល់ទាត់ BG Pathum United សមាជិកលីគកំពូលថៃ បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Chanathip Songkrasin ឬ Messi J ដែលមានវ័យអាយុ ២៩ឆ្នាំ ពីក្លឹប Kawasaki Frontale ដែលជាក្លឹប J-League ដ៏ល្បីល្បាញ។
មែនទែនទៅ សម្រាប់ការផ្លាស់ទៅលេងនៅកីឡដ្ឋាន BG Stadium របស់ Messi J គឺជាការត្រលប់មកលេងបាល់ទាត់ក្នុងលីគថៃម្តងទៀត ក្នុងរយៈពេល ៦ឆ្នាំ ចាប់តាំងពីផ្លាស់ទៅលេងក្នុងសមរភូមិ J-League ។ ជើងខ្លាំងរបស់ថៃ រូបនេះ បានទៅលេងនៅលើទឹកដីជប៉ុនដំបូងជាមួយក្លិប Consadole Sapporo កាលពីរដូវកាល ២០១៧ មុនពេលត្រូវបានក្លិបយក្ស J-League Kawasaki Frontale ដណ្តើមយករូបគេទៅចូលរួមក្រុមក្នុងឆ្នាំ ២០២២។
អំឡុងពេល លេងក្នុងក្រុមជប៉ុន Kawasaki Frontale តារាឆ្នើមវ័យ ២៩ឆ្នាំរូបនេះ លេងបានចំនួន ២៧ប្រកួត ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣ ដង។
គួររម្លឹកថា Chanathip ធ្លាប់លេងបាល់ទាត់នៅប្រទេសថៃ ជាមួយ Police Tero FC ចន្លោះឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៥ និងក្លិប Muang Thong United ចន្លោះឆ្នាំ ២០១៦-២០១៧ មុនពេលផ្លាស់ចេញពី Thai League ទៅជប៉ុន។ ចំណែកក្លិប BG Pathum United គឺជាក្លិបទី៣ របស់គេ ក្នុងប្រទេសថៃ។
ការត្រលប់មកកាន់ BG Pathum United កីឡាករ Chanathip នឹងជួបជុំជាមួយមិត្តរួមក្រុមក្នុងក្រុមជម្រើសជាតិថៃ Sarach Yooyen និង Teerasil Dangda ។ គោលដៅរបស់ក្រុមនេះ គឺដើម្បីយកឈ្នះជើងឯក Thai League ក្នុងរដូវកាល ២០២៣-២០២៤។ កាលពីរដូវកាលមុន BG Pathum United បានខកចិត្តដោយបញ្ចប់ត្រឹមតែចំណាត់ថ្នាក់លេខ ៩ ក្នុងតារាងចំណាត់ថ្នាក់។ ជាមួយនឹងវត្តមានរបស់ Chanathip BG Pathum United នឹងកាន់តែរឹងមាំ និងត្រៀមខ្លួនជាស្រេច ដើម្បីប្រជែងដណ្តើមជើងឯក។
លើសពីនេះ Chanathip ក៏ជាកីឡាករដ៏សំខាន់ សម្រាប់ក្រុមជម្រើសជាតិថៃ ក្នុងការដឹកនាំក្រុមដំរីសឹក ឈ្នះជើងឯកអាស៊ាន ៣ដង ក្នុងឆ្នាំ ២០១៤, ២០១៦ និង ២០២០ ក៏ដូចជាដឹកនាំក្រុមជម្រើសជាតិថៃ លើកពាននៅស៊ីហ្គេម ផងដែរ នៅក្នុងឆ្នាំ២០១៣ និង២០១៥៕