Ronaldo សាងកំណត់ត្រាដ៏អស្ចារ្យក្នុងការបង្ហាញខ្លួនលើកទី ២០០ ឲ្យព័រទុយហ្គាល់
តារាឆ្នើម Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីនៅចុងម៉ោងដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលព័រទុយហ្គាល់ បានយកឈ្នះលើក្រុមអ៊ីស្លង់ ១-០ កាលពីយប់មិញ ដើម្បីពង្រីកកំណត់ត្រាដ៏ល្អឥតខ្ចោះរបស់ពួកគេក្នុងការប្រកួតជម្រុះ Euro 2024 វគ្គជម្រុះពូល J នៅរាត្រីប្រវត្តិសាស្ត្រ សម្រាប់ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ដែលបានក្លាយជាកីឡាករដំបូង ដែលបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ បានច្រើនជាងគេក្នុងលោក។
ការបង្ហាញខ្លួនយប់មិញនេះ បានធ្វើឲ្យ Ronaldo ជាប់ក្នុងកំណត់ត្រាពិភពលោក Guinness ដោយក្លាយជាកីឡាករម្នាក់គត់លើភពផែនដី បង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិច្រើនបំផុត ដែលមានចំនួនសរុប ២០០ប្រកួត។
មែនទែនទៅ Ronaldo បានរក្សាកំណត់ត្រា សម្រាប់ការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបានច្រើនជាងគេរួចទៅហើយ នៅពេលដែលគាត់បានវ៉ាដាច់កីឡាករ Bader Al-Mutawa’s របស់គុយវ៉ែត ដែលបានកាន់កំណត់ត្រាបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិចំនួន ១៩៦ ប្រកួត ក្នុងអំឡុងការប្រកួតជម្រុះ Euro 2024 របស់ព័រទុយហ្គាល់ ទល់នឹង Liechtenstein ក្នុងខែមីនា។
ការប្រកួតយប់មិញនេះ ព័រទុយហ្គាល់ បានព្យាយាមយ៉ាងខ្លាំង ដើម្បីអាចរកគ្រាប់បាល់បំប៉ោងសំណាញ់ទីរបស់ក្រុមជម្រើសជាតិអ៊ីស្លង់ ប៉ុន្តែធ្វើមិនបានសម្រេចនោះទេ ទោះបីជាគ្រប់គ្រងការប្រកួតទាំងមូល ដោយបត់តារាងលេងក៏ដោយ។
ទោះជាយ៉ាងណា នៅចុងម៉ោងទៅហើយ Ronaldo បានធានា ៣ពិន្ទុ ឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយស៊ុតបំប៉ោងសំណាញ់ទីរបស់អ៊ីស្លង់ បានសម្រេច នៅនាទី៨៩។ ទោះបីជាយ៉ាងណាក៏ដោយ CR7 ត្រូវរង់ចាំពីរនាទី ដើម្បីអបអរគ្រាប់បាល់ ខណៈដែលអាជ្ញាកណ្តាលដំបូងគិតថាជាបាល់ offside ប៉ុន្តែគ្រាប់បាល់ត្រូវបានផ្តល់ឱ្យវិញ បន្ទាប់ពីការពិនិត្យឡើងវិញ VAR បង្ហាញថា បាល់នោះជាបាល់ Onside។ បញ្ចប់ការប្រកួត ព័រទុយហ្គាល់ ១-០ អ៊ីស្លង់។
តាមរយៈលទ្ធផលនេះ បានធ្វើឱ្យក្រុមកំពូលព័រទុយហ្គាល់ មាន ១២ពិន្ទុ នាំមុខក្រុមលេខ២ ស្លូវ៉ាគី ចំនួន ២ពិន្ទុ និងនាំមុខក្រុមលេខ៣ លុចហ្សំបួរ ចំនួន ៥ពិន្ទុ។
គួរបញ្ជាក់ថា មួយគ្រាប់យប់មិញនេះ ជាគ្រាប់ទី ១២៣ ហើយ របស់ Ronaldo សម្រាប់ព័រទុយហ្គាល់ ដែលបានពង្រីកកំណត់ត្រារបស់គាត់ជាអ្នកស៊ុតបញ្ចូលទីឲ្យក្រុមជម្រើសជាតិបានច្រើនជាងគេលើពិភពលោក៕