Messi ថៃ ចែកផ្លូវជាមួយ Kawasaki frontale បញ្ចប់អាជីព ៧ ឆ្នាំក្នុង J.League 1 ប្រទេសជប៉ុន
ខ្សែបម្រើប្រធានក្រុមជម្រើសជាតិថៃ រហស្សនាម Messi J ថៃ កីឡាករ Chanathip songkrasin នៅទីបំផុត ក៏សម្រេចចិត្តចាកចេញពីក្លិប Kawasaki frontale និងបញ្ចប់អាជីពរយៈពេល ៧ឆ្នាំ ក្នុង J.League 1 ប្រទេសជប៉ុន។
កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ម្សិលមិញនេះ បន្ទាប់ពីគ្មានឈ្មោះក្នុងការប្រកួតចុងក្រោយជុំទី១ នៃសមរភូមិ J.League 2023 ដែលក្លិបបាល់ទាត់ Kawasaki frontale យកឈ្នះ Sanfrecce Hiroshima ក្នុងលទ្ធផល ១-០ កីឡាករ Chanathip Songkrasin បានសម្រេចចែកផ្លូវគ្នាជាមួយក្លិបជាផ្លូវការណ៍ហើយ ក្រោយរួមរស់ជាមួយគ្នាបាន ៧ឆ្នាំ ក្នុងទឹកដីជប៉ុន។
បន្ទាប់ពីចែកផ្លូវជាមួយក្លិបហើយ មិនចាំយូរនោះទេ តារាវ័យ ២៩ឆ្នាំរូបនេះ បានវិលត្រឡប់ទៅប្រទេសថៃវិញហើយ នៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ជាមួយនឹងជើងហោះហើរ Japan Airlines ដើម្បីត្រៀមចូលរួមជាមួយក្រុមដំរីសឹកថៃ ឈុតធំ ប្រកួតមិត្តភាពកម្ដៅសាច់ដុំ ក្នុងថៃ FIFA Day នៅចន្លោះថ្ងៃទី ១៣-១៩ ខែមិថុនានេះ។
មែនទែនទៅ ក្នុងការប្រកួត J.League រដូវកាលឆ្នាំ ២០២៣នេះ Messi J មានបញ្ហារបួសជាបន្តបន្ទាប់ ដែលធ្វើឲ្យរូបគេមិនអាចលេងបានទៀងទាត់នោះទេ ហើយបូករួមជាមួយការនាំចូលកីឡាករថ្មីទៀតនោះ ធ្វើឲ្យរូបគេលេងបានតែ ២ប្រកួតប៉ុណ្ណោះ ដែលជាចំនួនដ៏តិចតួចបំផុត។
គួររម្លឹកថា Chanathip បានទៅជាន់ទឹកដីជប៉ុនលើកដំបូង នៅក្នុងឆ្នាំ២០១៧ ជាមួយក្លិបHokkaido Consadole Sapporo ក្នុងលក្ខខណ្ឌខ្ជីជើង រយៈពេល ២ឆ្នាំ។ បន្ទាប់ពីសម្របខ្លួនបាន និងបង្ហាញខ្លួនបានយ៉ាងល្អ ក្លិបបានសម្រេចចុះកុងត្រាយករូបគេតែម្ដង រហូតដល់ឆ្នាំ ២០២២។ លុះដល់ខែមករា ឆ្នាំ ២០២២ Chanathip បានចាកចេញពីក្លិប Hokkaido Consadole Sapporo ទៅចូលរួមជាមួយ Kawasaki Frontale ជាមួយនឹងតម្លៃផ្ទេរប្រហែល ៣.៨លានដុល្លារ ដែលបំបែកកំណត់ត្រា J.League សម្រាប់ការផ្ទេរក្នុងស្រុកខ្ពស់បំផុត៕