ពិតជាកក្រើក! ណាតូ ត្រៀមដំណើរការសមយុទ្ធយោធាដែនអាកាសធំបំផុតមិនធ្លាប់មានបង្អួតរុស្ស៊ី
បរទេស ៖ មន្ត្រីរដ្ឋាភិបាលអាមេរិក និងអាល្លឺម៉ង់ជាច្រើនរូបបានថ្លែងទៅកាន់ក្រុមអ្នកកាសែត The Defense News កាលពីថ្ងៃពុធម្សិលមិញនេះថា អាល្លឺម៉ង់បានត្រៀមខ្លួនរួចរាល់ជាម្ចាស់ផ្ទះនៃសមយុទ្ធយោធាដែនអាកាសទ្រង់ទ្រាយធំបំផុតមួយមិនធ្លាប់មានរបស់អង្គការណាតូដើម្បីអាចបង្ហាញសមត្ថភាពដ៏ដៃគូសម្ព័ន្ធមិត្តផង និងសត្រូវរបស់ខ្លួនដូចជាប្រទេសរុស្ស៊ីជាដើម។
តាមផែនការសមយុទ្ធយោធាដែលមានឈ្មោះថា Air Defender 23 នឹងត្រូវចាប់ដំណើរការឡើងនាសប្តាហ៍ក្រោយដោយមានការចូលរួមពីសំណាក់កងកម្លាំងយោធាជាង ១០,០០០នាក់យន្តហោះចម្បាំង២៥០គ្រឿងមកពីបណ្តាប្រទេសសរុប២៥ ខណៈដែលត្រឹមតែអាមេរិកប៉ុណ្ណោះកងកម្លាំងយោធារបស់ខ្លួនដែលចូលរួមនឹងមានចំនួនដល់ទៅ ២,០០០នាក់ និងយន្តហោះចម្បាំង១០០គ្រឿង។
អគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសអាល្លឺម៉ង់ លោកស្រី Amy Gutmann បានថ្លែងថា ៖ សមយុទ្ធយោធាលើកនេះនឹងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកដែលបានទស្សនា។ វានឹងបង្ហាញឱ្យឃើញពីភាពរហ័សរហួននៃកម្លាំងសម្ព័ន្ធមិត្តរបស់យើងនៅក្នុងអង្គការណាតូក្នុងនាមជាអ្នកឆ្លើយតប និងអ្នកការពារ។
គួរឲ្យដឹងដែរថា សមយុទ្ធយោធាដែលចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១២ ខែមិថុនាទៅដល់ថ្ងៃទី២៣ ខែមិថុនានេះ ក៏មានការចូលរួមពីសំណាក់ប្រទេសស៊ុយអែត និងប្រទេសជប៉ុនផងដែរ ហើយអាជ្ញាធរធ្លាប់បានលើកឡើងដែរថា អំឡុងពេលនៃប្រតិបត្តិការវានឹងអាចធ្វើឲ្យមានការប៉ះពាល់ដល់ការហោះហើរនៃយន្តហោះដឹកអ្នកដំណើរមួយចំនួននៅក្នុងតំបន់អឺរ៉ុបផងដែរ៕