ឥណ្ឌាវាយប្រហារប៉ាគីស្ថាន ក្រោយរកកឃើញមានការសម្លាប់រង្គាលនៅតំបន់កាស្មៀរ
ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌានិយាយថា កាលពីថ្ងៃពុធ ម្សិលមិញនេះ ខ្លួនបានបាញ់កាំជ្រួចមីស៊ីលទៅលើទីតាំងចំនួន ៩ ក្នុងប្រទេសប៉ាគីស្ថាន និងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយរកកឃើញមានការសម្លាប់រង្គាលនៅតំបន់នេះ ។
ប្រទេសប៉ាគីស្ថានបាននិយាយថា នៅក្នុងការវាយប្រហារនេះ មនុស្ស៨ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារផងដែរ ។ លោកនាយករដ្ឋមន្ត្រីប៉ាគិស្ថានបានពិពណ៌នាថាជា “សង្រ្គាមសុទ្ធសាធ” ហើយនឹងឆ្លើយតបវិញផងដែរ។
ប៉ាគីស្ថានក៏បាននិយាយដែរថា យន្តហោះរបស់កងទ័ពអាកាសឥណ្ឌាចំនួន ៥ គ្រឿង និងដ្រូនមួយគ្រឿងត្រូវបានបាញ់ទម្លាក់ក្នុងអំឡុងពេលការវាយប្រហារ។ ទោះជាយ៉ាងណា ឥណ្ឌាមិនបានបញ្ជាក់ពីការបាត់បង់យន្តហោះចម្បាំងនោះទេ។
យោធាប៉ាគីស្ថានបាននិយាយថា ទីតាំងចំនួនបីត្រូវបានវាយប្រហារពីសំណាក់កងកម្លាំងឥណ្ឌា។
ចំណែក អ្នកស្រុកនៅ Muzaffarabad ក្នុងតំបន់ Kashmir គ្រប់គ្រងដោយប៉ាគីស្ថានបានប្រាប់ BBC ថា ពួកគេបានភ័យលុះព្រលឹង ពេលភ្ជាក់ពីដំណេក ក្រោយឃើញមានការលឺសំឡេងផ្ទុះដ៏ខ្លាំងនៅជិតតំបន់របស់ពួកគេរស់នៅ ។
ទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថាន ដែលជារដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារដោយសកម្មប្រយុទ្ធសម្លាប់អ្នកទេសចរនៅ Pahalgam កាលពីខែមុន។
ប្រទេសឥណ្ឌានិយាយថា ខ្លួនមាន “ភស្តុតាងដែលចង្អុលឆ្ពោះទៅរកការចូលរួមយ៉ាងច្បាស់លាស់របស់ភេរវករដែលមានមូលដ្ឋាននៅប៉ាគីស្ថានក្នុងការវាយប្រហារនេះ “។ យ៉ាងណាប្រទេសប៉ាគីស្ថានបានបដិសេធរាល់ភ្ជាប់រឿងនេះ ។
លោក Jeremy Bowen និពន្ធនាយកអន្តរជាតិនៃសារព័ត៌មាន BបC មានប្រសាសន៍ថា ភាគីទាំងពីរគួរតែមានការជំរុញការទូតមួយដើម្បីបញ្ឈប់ការកើនឡើងនៃសង្គ្រាម ។
តំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាបានបះបោរអស់រយៈពេលជាច្រើនទសវត្សរ៍ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់។
ឥណ្ឌានិងប៉ាគីស្ថានសុទ្ធតែទាមទារតំបន់កាស្មៀរមកគ្រប់គ្រងរៀងៗខ្លួន៕