គ.ជ.ប បង្ហាញពីលេខរៀងគណបក្សទាំង ១៨ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការចាប់ ឆ្នោត ក្នុងការកំណត់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត ដើម្បីរៀបចំបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។
ការចាប់លេខលំដាប់គណបក្សនយោបាយនៅលើសន្លឹកឆ្នោតនេះ ប្រព្រឹត្តទៅក្រោមព្រះវត្តមានរបស់សម្តេចសង្ឃរាជាធិបតីទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជានាទីស្តីការ គ.ជ.ប។ ជាលទ្ធផលគណបក្សទាំង ១៨ ដែលត្រូវបានកំណត់លេខលំដាប់ តាមរយៈការចាប់ឆ្នោតដោយ សម្តេចសង្ឃរាជាធិបតីទាំងពីរនេះ គឺលេខរៀងដូចតទៅ៖
ទី១ បានទៅលើគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ,
ទី២. គណបក្សខ្មែរតែមួយ,
ទី៣. គណបក្សសញ្ជាតិកម្ពុជា,
ទី៤. គណបក្សខ្មែររួបរួមជាតិ,
ទី៥. គណបក្សកម្លាំងប្រជាធិបតេយ្យ,
ទី៦. គណបក្សកសិករ, ទី៧.គណបក្សស្ត្រីដើម្បីស្ត្រី,
ទី៨ គណបក្សខ្មែរឈប់ក្រ,
ទី៩. គណបក្សហ៊្វុនស៊ិនប៉ិច,
ទី១០.គណបក្សធម្មាធិបតេយ្យ,
ទី១១. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន,
ទី១២. គណបក្សបំណងពលរដ្ឋ,
ទី១៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច,
ទី១៤. គណបក្សឯកភាពជាតិខ្មែរ,
ទី១៥. គណបក្សខ្មែរអភិរក្ស,
ទី១៦. គណបក្សយុវជនកម្ពុជា,
ទី១៧. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា,
និងទី១៨. គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍លើកឡើងថា ការចាប់កំណត់លេខរៀង គណបក្សនយោបាយនៅលើសន្លឹកឆ្នោតនេះ គឺដើម្បីបង្ហាញពីសច្ចៈភាព តម្លាភាព និងយុត្តិធម៌ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែល នឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ខាងមុខនេះ។
ឯកឧត្តមបានបញ្ជាក់ថា ការកំណត់លេខរៀងគណបក្សនយោបាយនីមួយៗ លើសន្លឹកឆ្នោត នឹងជួយបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយពាក់ព័ន្ធ ក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយឱ្យអ្នកបោះឆ្នោត អាចស្គាល់បានដោយងាយស្រួលនូវគណបក្សនយោបាយ ដែលខ្លួនស្រឡាញ់ពេញចិត្ត។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គឺដើម្បីដណ្តើមអាសនៈក្នុងរដ្ឋសភាចំនួន ១២៥ កៅអី ក្នុងចំណោមប្រជាពលរដ្ឋជាអ្នកបោះឆ្នោតសរុបជាង ៩ លាន ៧១ ម៉ឺននាក់៕