Close

អន្តរជាតិទទួលស្គាល់គោលនយោបាយអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់កម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អន្តរជាតិទទួលស្គាល់គោលនយោបាយអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់កម្ពុជា អន្តរជាតិទទួលស្គាល់គោលនយោបាយអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់កម្ពុជា

អន្តរជាតិបានដឹងកាន់តែច្បាស់ពីគោលនយោបាយក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាមួយនឹងការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយឧស្ម័នកាបូន ក្នុងវិស័យដឹកជញ្ជូន តាមរយៈកិច្ចប្រជុំកំពូលរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ (ITF-2023 Summit)។

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃទីពីរ នៃបេសកកកម្មការងារក្នុងទីក្រុងឡាពហ្សិក (Leipzig) ប្រទេសអាល្លឺម៉ង់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន០២ នៃកិច្ចប្រជុំពូលរបស់ វេទិកាដឹកជញ្ជូនអន្តរជាតិ International Transport Forum 2023 Summit (ITF-2023 Summit)។ ក្នុងនោះ ទី១ជាកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្រ្តីដឹកជញ្ជូន CMT (Council of Ministers of Transport) និង ទី២ជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូន ដែលមានលក្ខណៈបើកចំហរ (Open Ministerial Session) ដោយមានការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អ្នកសិក្សាស្រាវជ្រាវ និងផ្នែកឯកជន។ កិច្ចប្រជុំទាំងពីរនេះ ជាកិច្ចប្រជុំយ៉ាងសំខាន់នៅក្នុងដំណើរការការងាររបស់ វេទិកាដឹកជញ្ជូនអន្តរជាតិ នាឱកាសនេះ។

សម្រាប់កិច្ចក្រុមប្រឹក្សារដ្ឋមន្រ្តីដឹកជញ្ជូន CMT (Council of Ministers of Transport) ជាប្រភេទកិច្ចប្រជុំបិទ (Closed Door Meeting) ដោយអនុញ្ញាតចំពោះតែសមាជិក នៃបណ្តាប្រទេស ITF ចូលរួមប៉ុណ្ណោះ។ លទ្ធផលនៃកិច្ចប្រជុំនេះរួមមាន៖ (១)ពិនិត្យវឌ្ឍនភាពការងាររបស់ ITF និងអនុម័តរបាយការណ៍ប្រចាំឆ្នាំ២០២២ នៃ CMT (២)ពិនិត្យ និងកែសម្រួលបទបញ្ជាផ្ទៃក្នុងទូទៅ របស់ ITF (ITF General Rules) (៣)អនុម័តឱ្យប្រទេសប្រេស៊ីល (Brazil) ចូលជាសមាជិកទី ៥៥ និងប្រទេសកូស្តារីកា (Costa Rica) ចូលជាជាសមាជិកទី ៥៦ របស់ ITF (៤)ឯកភាពឱ្យប្រទេសលីទុយអានី (Lithuania) ធ្វើជាប្រធានវិលជុំនៃ ITF សម្រាប់ឆ្នាំ២០២៤ និងប្រទេសអាស៊ែបៃហ្សង់ (Azerbaijan) ធ្វើជាប្រធានវិលជុំនៃ ITF សម្រាប់ឆ្នាំ២០២៥ និង (៥)អនុម័តរបាយការណ៍ និងផែនការសកម្មភាពរបស់ ITF ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងបទអន្តរាគមន៍ ជូនកិច្ចប្រជុំ CMT អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងវឌ្ឍនភាពនៃការអភិវឌ្ឍ ទៅតាមមធ្យោបាយដឹកជញ្ជូននីមួយៗ រួមមាន ការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២៣-២០២៥។ លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គប្រជុំ អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយឧស្ម័នកាបូន ក្នុងវិស័យដឹកជញ្ជូន (Decarbonizing Transport) តាមរយៈការអនុវត្តគម្រោងរថយន្តក្រុងដើរដោយថាមពលអគ្គិសនី (E-Bus) នៅក្រុងសៀមរាប ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ការរៀបចំគោលនយោបាយដឹកជញ្ជូនផ្លូវគោក និងការរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធនានា សំដៅកាត់បន្ថយឧស្ម័នកាបូន ក្នុងវិស័យដឹកជញ្ជូន (Decarbonizing Transport)។

ដោយឡែក កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូន ដែលមានលក្ខណៈបើកចំហរ (Open Ministerial Session) បានផ្តោតទៅលើប្រធានបទ នៃការបង្កើនចីរភាពសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនបៃតង (Boosting Sustainable Economies through green transport)។ នៅក្នុងកិច្ចប្រជុំនេះ ប្រទេសនីមួយៗ និងដៃគូអភិវឌ្ឍន៍ បានចែករំលែកនូវបទពិសោធន៍ល្អៗ បញ្ហាប្រឈម និងឱកាសក្នុងការជុំរុញការដឹកជញ្ជូនបៃតង។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរាយការណ៍ជូនអង្គប្រជុំ អំពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់តំបន់កម្រិតខ្ពស់ (Regional High Level Dialogue) ដែលឯកឧត្តមទេសរដ្ឋមន្រ្តី បានធ្វើជាសហប្រធានជាមួយ ឯកឧត្តម Young Tae KIM អគ្គលេខាធិការរបស់ ITF នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ៕

អត្ថបទទាក់ទង