Close

ធនាគារពិភពលោក ទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣ មកនៅត្រឹម ១,៧ ភាគរយ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ធនាគារពិភពលោក ទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣ មកនៅត្រឹម ១,៧ ភាគរយ ធនាគារពិភពលោក ទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣ មកនៅត្រឹម ១,៧ ភាគរយ

បរទេស ៖ នៅក្នុងឆ្នាំ២០២៣ នេះ ធនាគារពិភពលោក (World Bank) បានព្យាករពីកំណើនសេដ្ឋកិច្ចជាសកលថានឹងមានការកើនឡើងត្រឹមតែ ១,៧ ភាគរយតែប៉ុណ្ណោះ ដែលជាការថយចុះយ៉ាងខ្លាំងពី ៣ ភាគរយ ក្រោយការព្យាករកាលពីខែមិថុនាកន្លងទៅនេះ។ ការធ្លាក់ចុះនេះបណ្តាលមកពីកត្តាមួយចំនួនដូចជា សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ផលប៉ះពាល់នៃការរាតត្បាតកូវីដ-១៩ និងអត្រាការប្រាក់ខ្ពស់ ដែលសុទ្ធសឹងតែជាបញ្ហាប្រឈមដ៏សំខាន់ៗ។

ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយថា ៖ ការធ្លាក់ចុះនេះនឹងមានលក្ឋណៈទូលំទូលាយ ហើយកំណើននៃប្រាក់ចំណូលនៅស្ទើរតែគ្រប់ផ្នែកនៃពិភពលោកទំនងជាមានភាពខ្សោយ។ សហរដ្ឋអាមេរិក តំបន់ចាយប្រាក់អឺរ៉ូ និងចិន ដែលជាប្រទេសសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតទាំង៣ របស់ពិភពលោក អាចនឹងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងរឹតតែធ្វើឱ្យប្រទេសក្រីក្រប្រឈមនឹងបញ្ហាកាន់តែធ្ងន់ធ្ងរ។

អតិផរណាខ្ពស់ គឺជាហេតុផលចម្បងមួយដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបការលំបាក ដោយសារការឡើងថ្លៃតម្លៃអាហារ និងថាមពលជាសកលកាលពីឆ្នាំមុន ពីព្រោះសង្រ្គាមបាននាំបានប៉ះពាល់ដល់សន្តិសុខស្បៀង និងការដកខ្លួនចេញរបស់លោកខាងលិចចេញពីការនាំចូលឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។ វិបត្តិថាមពលបាននាំឱ្យផលិតកម្មសកលមានតម្រូវការខ្ពស់ អាជីវកម្មរងផលប៉ះពាល់ និងប្រជាពលរដ្ឋចាំបាច់ត្រូវតែកាត់បន្ថយការប្រើប្រាស់ហ្គាស។

ធនាគារកណ្តាលនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកំពុងដំឡើងអត្រាការប្រាក់ជាការឆ្លើយតបទៅនឹងបញ្ហានេះ ក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេចុះត្រជាក់បន្តិច និងបន្ធូរបន្ថយសម្ពាធដែលជំរុញឱ្យតម្លៃកើនឡើង។ ប្រទេសទាំងនេះព្យាយាមដោះស្រាយបញ្ហាការឡើងថ្លៃតម្លៃរស់នៅ ខណៈដែលព្យាយាមមិនធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។

ធនាគារពិភពលោកបាននិយាយផងដែរថា ៖ កម្ចីប្រាក់ក្នុងអត្រាការប្រាក់ខ្ពស់បានរារាំងដល់ការវិនិយោគអាជីវកម្ម ហើយក្រុមហ៊ុនជាច្រើនកំពុងជួបបញ្ហាជាមួយបំណុលរបស់ពួកគេ។ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក៏កំពុងតែប្រឈមនឹងបញ្ហាយ៉ាងខ្លាំងដោយសារអត្រាការប្រាក់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅថ្ងៃខាងមុខ។ ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅក្រោមសម្ពាធ គោលនយោបាយរដ្ឋាភិបាលនៃប្រទេសជាច្រើន បានចេញវិធានការក្នុងការជំរុញការវិនិយោគ ការបង្កើតការងារ ការដោះស្រាយបម្រែបម្រួលអាកាសធាតុ ការដោះស្រាយបំណុលនៅប្រទេសក្រីក្រ និងប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ៕

អត្ថបទទាក់ទង