យុវជន Gen Z ប្រទេស Madagascar ចេញតវ៉ាបង្ខំឱ្យប្រធានាធិបតីពួកគេចុះចេញពីតំណែង
អាន់តាណា ណារីវូ៖ បាតុករវ័យក្មេងរាប់ពាន់នាក់ ឬ ហៅថា ក្រុម Gen Z បានសម្រុកចូលទៅតាមដងផ្លូវនានាក្នុងរដ្ឋធានី Antananarivo (អាន់តាណា ណារីវូ)របស់ប្រទេសម៉ាដាហ្គាស្កា ដើម្បីទាមទារឱ្យប្រធានាធិបតីក្នុងប្រទេសរបស់ពួកគេចុះចេញពីតំណែង បន្ទាប់ពីគ្មានដំណោះស្រាយលើបញ្ហាអគ្គិសនីនិងទឹកយ៉ាងរ៉ាំរ៉ៃ ។
ប្រធានាធិបតីបច្ចុប្បន្នលោក Andry Rajoelina បានបណ្តេញនាយករដ្ឋមន្ត្រី និងមន្រ្តីរដ្ឋាភិបាលរបស់លោកចេញខ្លះកាលពីថ្ងៃច័ន្ទនេះ ដើម្បីឆ្លើយតបទៅនឹងការតវ៉ាចង់បានរបស់ក្រុមយុវជន Gen Z ដែលបានចេញមកធ្វើបាតុកម្មជាច្រើនថ្ងៃ ជុំវិញភាពបរាជ័យនៃការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត។
ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យលោក Christian Ntsay និង Rajoelina លាលែងពីតំណែង ប៉ុន្តែលោកប្រធានាធិបតី Rajoelina មិនបានផ្តល់ការចង្អុលបង្ហាញថាលោកនឹងចុះចេញពីតំណែងនោះទេ។
បាតុកម្មប្រឆាំងនឹងការកាត់ផ្តាច់ចរន្តអគ្គិសនី និងផ្គត់ផ្គង់ទឹកនេះគឺជារឿងរ៉ាំរ៉ៃយូរមកហើយ ប៉ុន្តែវាបានចាប់ផ្តើមផ្ទុះបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយបានទាក់ទាញមនុស្សវ័យក្មេងរាប់ពាន់នាក់ឲ្យមកដើរតាមផ្លូវ ដោយជំរុញឱ្យរដ្ឋាភិបាលចេញបញ្ជាដាក់បម្រាមគោចរនាពេលយប់នៅក្នុងរដ្ឋធានី Antananarivo និងទីក្រុងសំខាន់ៗផ្សេងទៀត។
ពួកគេបានប្រមូលផ្តុំគ្នាដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានសន្ទុះដ៏ខ្លាំងក្លា ហើយបានឆ្លុះបញ្ចាំងពីកម្លាំងតវ៉ាប្រឆាំងរដ្ឋាភិបាលបានជោគជ័យដែលដឹកនាំដោយយុវជន Gen Z ដដែលនាពេលថ្មីៗនេះនៅក្នុងប្រទេសនេប៉ាល់ និងប្រទេសកេនយ៉ា។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយនៅកាលពីព្រឹកថ្ងៃចន្ទនេះថាមនុស្ស ២២នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នាជុំវិញការតវ៉ានៅប្រទេសម៉ាដាហ្គាស្កា។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានស្តីបន្ទោស “ការឆ្លើយតបដោយហិង្សា” ពីកងកម្លាំងសន្តិសុខជាតិ។ ទីភ្នាក់ងារនេះបាននិយាយទៀតថា៖ មនុស្សជាង១០នាក់ក៏បានរងរបួសនៅក្នុងការតវ៉ានេះថែមទៀតផង៕