យល់ដឹងអំពីវិធីថែសុខភាពពាក់ព័ន្ធនឹង «ជំងឺភ្នែកក្រហម»
ជំងឺភ្នែកក្រហម ឬហៅថា “រោគរលាកស្បែកត្របកភ្នែក” ជាស្ថានភាពឆ្លងមេរោគចូលភ្នែក ហើយជំងឺនេះច្រើនតែជួបប្រទះឆ្លងមកពីវីរុសបង្កឡើង ឬក៏បណ្ដាលមកពីការប្រតិកម្មនឹងសារធាតុអ្វីម្យ៉ាង ដោយមានអាការធ្វើឱ្យភ្នែកឡើងក្រហម។ ជំងឺនេះច្រើនកើតឡើងដោយចៃដន្យ ដំបូងកើតលើភ្នែកតែម្ខាងទេ បន្ទាប់មកក៏ឆ្លងរាលដាលទៅភ្នែកម្ខាងទៀត។
ជំងឺនេះ ធម្មតាច្រើនកើតមានក្នុងចុងរដូវក្ដៅរហូតដល់ចុងរដូវភ្លៀង ខណៈពេលអាកាសធាតុប្ដូរផ្លាស់ពីក្ដៅទៅភ្លៀង ដែលមានកម្រិតសំណើមខ្ពស់។ នេះក៏ជាឱកាសដែលរាងកាយមនុស្សយើង ជាពិសេសចំពោះអ្នកដែលមានរាងកាយងាយទទួលអារម្មណ៍នឹងអាកាសធាតុ ឆាប់ហេវហត់ ប្រព័ន្ធធន់នឹងជំងឺមានភាពទន់ខ្សោយ ជាដើមគឺងាយនឹងកើតជំងឺបំផុត។
អាការរោគច្រើនជួបប្រទះ គឺអ្នកឈឺមានអារម្មណ៍ពិបាកទ្រាំនៅត្រង់ភ្នែក បន្ទាប់មក នោះមានអាការគ្រើមៗដូចមានគ្រាប់ខ្សាច់នៅក្នុងភ្នែក ចេញអាចម៍ភ្នែកច្រើន ពេលព្រឹកក្រោកពីដំណេកពិបាកបើកភ្នែក ពីព្រោះអាចម៍ភ្នែកនៅជាប់ភ្នែកទាំងពីរ ហើយអាចម៍ភ្នែកមានពណ៌បៃតង ឬពណ៌លឿងតាមសភាពនៃអាការរោគ។ ត្របកភ្នែកហើម ភ្នែកក្រហម ឈឺ ចុកចាប់ឡើងគ្រើមៗចេញពីទឹកភ្នែក។ល។
ដើម្បីការពារសុខភាពភ្នែករបស់អ្នកមិនឱ្យកើតជំងឺនេះ អ្នកត្រូវប្រត្តិបត្តិតាមវិធីល្អៗមួយចំនួនដូចខាងក្រោមនេះ៖
១.កុំញី ឬជូតភ្នែកដោយដៃមិនស្អាត ព្រោះវាអាចនឹងធ្វើឱ្យឆ្លងមេរោគមួយចំនួនទៅក្នុងភ្នែករបស់អ្នក។ ជាការពិតទម្លាប់នេះច្រើនកើតឡើងចំពោះក្មេងៗ ដូចនេះ មាតាបិតាគ្រប់រូបចាំបាច់ត្រូវថែរក្សាក្មេងៗឱ្យនៅឆ្ងាយពីកន្លែងដែលមានដក់ទឹក។
២.ប្រសិនបើអ្នកទទឹកខ្លួនដោយទឹកភ្លៀងក្នុងពេលធ្វើដំណើរ អ្នកត្រូវចាំថា ពេលទៅដល់ផ្ទះ ឬកន្លែងណាមួយ អ្នកគួរតែលាងភ្នែករបស់អ្នកជាមួយទឹកស្អាត និងជូតសម្អាតជាមួយកន្សែងស្ងួតជាចាំបាច់ និងឱ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។
៣. ពាក់វ៉ែនតាជាប្រចាំនូវរាល់ពេលចេញទៅខាងក្រៅ ព្រោះការពាក់វ៉ែនតាមិនមែនសម្រាប់តែការពារកម្តៅថ្ងៃនោះទេ។ ក្នុងករណីដែលអ្នកមានទម្លាប់ ចូលចិត្តពាក់លែន អ្នកគួរតែសម្អាតវាជាប្រចាំ និងឱ្យបានទៀងទាត់ ដើម្បីចៀសវាងការងាយនឹងចម្លងមេរោគ។
៤. បើមានអ្នកកើតមានបញ្ហាភ្នែក ត្រូវចៀសវាងការប្រើប្រាស់របស់ផ្ទាល់ខ្លួន ដូចជា កន្សែង ឬកន្សែងដៃរួមគ្នាជាដាច់ខាត។
៥. បង្កើនភាពស៊ាំ ការពាររាងកាយ ដោយចៀសវាងការទទួលទានអាហារនៅខាងក្រៅញឹកញាប់ ហើយបែរមកទទួលទានអាហារដែលចម្អិនដោយខ្លួនឯងនៅផ្ទះ ជាមួយនឹងបន្លែស្រស់ៗបែបធម្មជាតិ និងផ្លែឈើតាមរដូវកាលជាការប្រសើរបំផុត។
៦. ករណីមានអាការរមាស់ភ្នែក ដំបូងអ្នកគ្រាន់តែលាងសម្អាតភ្នែកជាមួយទឹកត្រជាក់ បើមិនមានការធូរស្រាល សូមចៀសវាងប្រើប្រាស់ថ្នាំបន្តក់ភ្នែកដោយខ្លួនឯង។ អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យ និងឱ្យគ្រូពេទ្យចេញវេជ្ជបញ្ជាត្រឹមត្រូវ ក្នុងការប្រើប្រាស់ថ្នាំ។
៧. ត្រូវលាងសម្អាតដៃរបស់អ្នកជាមួយសាប៊ូដុំជាប្រចាំ ពិសេសក្នុងរដូវភ្លៀង ព្រោះវាអាចសម្លាប់មេរោគបានរហូតដល់ ៩៩%។ ក្រៅពីនេះ អ្នកក៏អាចប្រើអាល់កុលលាងបានដូចគ្នា ដែលវាផ្តល់នូវប្រសិទ្ធភាពបានរហ័ស ប៉ុន្តែគ្រាន់តែវាមិនមានប្រសិទ្ធភាពសម្រាប់វីរុសប៉ុណ្ណោះ។
យកល្អអ្នកជំងឺគប្បីការពារភ្នែក ដោយកុំយកដៃដែលមិនស្អាតមកប៉ះ ឬញីភ្នែក ត្រូវលាងសម្អាតដៃគ្រប់ពេលមុននឹងប៉ះពាល់ភ្នែក មិនប្រើប្រាស់កន្សែងជូតមុខ ឬជូតខ្លួនរួមជាមួយអ្នកដែលកើតជំងឺភ្នែកក្រហម ហើយចំណុចសំខាន់បំផុតត្រូវការពារមិនឱ្យជំងឺឆ្លងរាលដាលពីខ្លួនឯងទៅអ្នកដទៃ។ ជានិច្ចកាល ការការពារតែងតែប្រសើរជាងការព្យាបាល ដូចនេះ អ្នកចាំបាច់ត្រូវធ្វើតាមការណែនាំដូចខាងលើ នោះអ្នកនឹងទទួលបាននូវការរក្សាសម្រស់ និងសុខភាពភ្នែករបស់អ្នកបានយ៉ាងល្អប្រសើរបំផុត៕