សម្តេចធិបតី៖ កម្ពុជា មិនត្រូវការពឹងនាយករដ្ឋមន្ត្រីថៃ មកធ្វើការងារនេះជំនួស កម្ពុជា ទេ
ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់ លោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូថា កម្ពុជាមិនត្រូវពឹងពាក់នាយករដ្ឋមន្ត្រីប្រទេសថៃលោក អានុទីន មកធ្វើការងារនេះជំនួសកម្ពុជាទេ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ការឆ្លើយតបបែបនេះ បន្ទាប់ពីសម្តេចបានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី គីម ជីណា និងគណៈប្រតិភូ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ និងបន្ទាប់ពីប៉ុន្មានថ្ងៃនេះ, បណ្តាញសារព័ត៌មានរបស់ប្រទេសជិតខាងមួយ (ថៃ)បានផ្សាយថា មេដឹកនាំរបស់គេ លោក អានុទីន មានគម្រោងពិភាក្សាជាមួយលោក ប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនលោកស្រី គីម ជីណា ថា «ប្រសិនករណីនេះជាការពិត ខ្ញុំសូមឱ្យលោកជំទាវជម្រាបជូនឯកឧត្តមប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារនេះជំនួសកម្ពុជាឡើយ ហើយមេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ»។
ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េ លើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្តេចធិបតី បន្ថែមថា « ប្រទេសយើងទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា និង មិនចាំបាច់មានអ្នកទីបីមកជួយជំរុញនោះទេ»។
សម្តេចថ្លែងថា«យើងក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ»។
បើតាមសម្តេចធិបតី ក្នុងពេលជាមួយគ្នា, កម្ពុជា និងកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
ជាមួយគ្នានេះ សម្តេចបន្ថែមថា ទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញ នៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ៕