Close

ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម ការពារមេដាយមាសបានសម្រេច និងជាការឈ្នះ៤លើកជាប់គ្នា

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ កីឡា
ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម ការពារមេដាយមាសបានសម្រេច និងជាការឈ្នះ៤លើកជាប់គ្នា ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម ការពារមេដាយមាសបានសម្រេច និងជាការឈ្នះ៤លើកជាប់គ្នា

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិនារីមីយ៉ាន់ម៉ា ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតបាល់ទាត់នារីនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ម្សិលមិញ ដែលក្លាយជាក្រុមដំបូង ដែលឈ្នះមេដាយមាសជាលើកទី៤ជាប់គ្នា។

ក្រុមកីឡាបាល់ទាត់នារីវៀតណាម បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះកម្ពុជា ក្នុងលទ្ធផល ៣-០ ។ ស្របពេលជាមួយគ្នានេះ មីយ៉ាន់ម៉ា ឯណោះវិញ បានវាយបកយកឈ្នះថៃ យ៉ាងមិនគួរឲ្យជឿក្នុងលទ្ធផល ៣-២។

គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ប្រធានក្រុមវៀតណាម Huỳnh Như និងកីឡាការិនីវ័យក្មេង Nguyễn Thi Thanh Nhã គឺគ្រប់គ្រាន់សម្រាប់វៀតណាម ក្នុងការការពារតំណែងរបស់ពួកគេ សម្រាប់ឆ្នាំទីបួនជាប់ៗគ្នា។ ជ័យជម្នះនេះ ពិតជាមានសារៈសំខាន់ជាពិសេសសម្រាប់វៀតណាម ខណៈពួកគេត្រៀមបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតបាល់ទាត់ពិភពលោកនារី នៅចុងរដូវក្តៅនេះ។

មែនទែនទៅ នេះមិនមែនជាលើកទីមួយទេ ដែលក្រុមទាំងពីរបានជួបមុខគ្នា ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣នេះ។ វៀតណាម និងមីយ៉ាន់ម៉ា ប៉ះគ្នានៅវគ្គសន្សំពិន្ទុក្នុងពូល A ដោយ វៀតណាម បានយកឈ្នះក្នុងលទ្ធផល ៣-១។

គួរបញ្ជាក់ថា ជ័យជម្នះនេះ គឺជាមេដាយមាសកីឡាបាល់ទាត់នារីលើកទី៨ហើយ របស់វៀតណាម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ខណៈមីយ៉ាន់ម៉ា ដណ្តើមបានមេដាយប្រាក់ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៥៕

អត្ថបទទាក់ទង