Close

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទាំងមូលសម្រេចបាន ៦៣ % ហើយ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទាំងមូលសម្រេចបាន ៦៣ % ហើយ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទាំងមូលសម្រេចបាន ៦៣ % ហើយ

សៀមរាប ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទាំងមូលសម្រេចបាន ៦៣% ដែលយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំគឺ ៧០% គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខារសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហាកូវីដ១៩។ នេះបើយោងតាមរបាយការណ៍បូកសរុបការងាររបស់ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនអនុវត្តគម្រោង ដែលបានចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។

ជាមួយគ្នានេះ ក្រុមហ៊ុនបានដាក់ចេញនូវផែនការ២ឲ២៣ និងធ្វើការប្តេជ្ញាចិត្តខ្ពស់ នឹងសម្រេចឱ្យការងារសាងសង់នេះ ឱ្យបាន ៩០% នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣។

តាមរយៈសមិទ្ធិផលជាក់ស្តែង តាមរយៈការត្រួតពិនិត្យការដ្ឋានផ្ទាល់ និងរបាយការណ៍វឌ្ឍនភាពក្រុមហ៊ុន លោក តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិស បានលើកឡើងថា ក្រុមមហ៊ុន AIAI បានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះគម្រោងនេះ ហើយបានអនុវត្តគម្រោងទទួលបានជោគជ័យយ៉ាងខ្លាំងដូចដែលយើងបានឃើញនៅថ្ងៃនេះ ទោះក្នុងកាលៈទេសៈដែលពិភពលោកបាននិងកំពុងជួបវិបត្តិយ៉ាងខ្លាំងក៏ដោយ។

ទន្ទឹមគ្នានេះ លោកប្រធានគណៈកម្មការតម្រង់ទិសបានថ្លែងបន្តថា តាមរយៈសមិទ្ធិផលឃើញថ្ងៃនេះ យើងអាចវាយតម្លៃបានថា “ពេលវេលាលំបាកបំផុតក្នុងការអនុវត្តគម្រោងសាងសង់ឱ្យសម្រេចជោគជ័យនៅះ គឺពួកយើងបានឆ្លងផុតហើយ” នៅសល់តែការងារតិចតួចប៉ុណ្ណោះ ដែលយើងត្រូវបន្តអនុវត្តឱ្យបានចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៣ និងការងារបើកឱ្យដំណើរការ នៅខែតុលា ឆ្នាំ២០២៣។

លោក តឹករ៉េត សំរេច បានបន្តទៀតថា អំឡុងពេលបន្តទៀតនេះ គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាសម្រេចឱ្យបានតាមផែនការដែលបានឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី រួចហើយ។

ជាចុងក្រោយ លោកប្រធានគណៈកម្មការតម្រង់ទិស បានធ្វើការណែនាំចំនុចសំខាន់ៗ ចំនួន ៣ចំនុច ដូចខាងក្រោម ៖ ទី១៖ ក្រុមការងារ បច្ចេកទេសរបស់ក្រុមហ៊ុន ត្រូវបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់លក្ខណៈបច្ចេកទេសរបស់អាកាសយានដ្ឋាន (Airport Certification)។ ទី២ ៖ ក្រុមការងារបច្ចេកទេស ក្នុងការរៀបចំសំណុំលិខិត និងឯកសារនានា ដើម្បីដាក់ស្នើសុំការបញ្ជាក់ការវាយតម្លៃគុណភាពសំណង់ ពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងលិខិតបញ្ជាក់គុណភាពផ្សេងៗទៀត ជាមួយស្ថាប័នមានសមត្ថកិច្ចឱ្យបានរួចរាល់។

ទី៣៖ ការចូលមកធ្វើការរបស់ផ្នែកពាក់ព័ន្ធផ្សេងៗ (Service Providers) នៅព្រលានយន្តហោះ សូមឱ្យយកចិត្តទុកដាក់ពិនិត្យពិច័យឱ្យបានត្រឹមត្រូវច្បាស់លាស់ ទទួលយកក្រុមហ៊ុនដែលមានជំនាញ បទពិសោធ និងកេរ្តិ៍ឈ្មោះនៅក្រៅប្រទេសស្រាប់ ដើម្បីជំរុញផ្នែកផ្សព្វផ្សាយក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ៕

អត្ថបទទាក់ទង