រដ្ឋបាលរាជធានីភ្នំពេញបង្ហាញទីតាំងចំនួន៧ រៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ជម្រើសជាតិស៊ីហ្គេមលើកទី៣២
ដោយទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការផ្សាយបន្តផ្ទាល់ចំនួន ៧ ទីតាំង សម្រាប់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២។
តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រោយទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ និងដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានី ភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលស្រឡាញ់វិស័យកីឡា ទាំងអស់មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ នៅតាមទីតាំង មួយចំនួនដូចខាងក្រោម៖
១-សូនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
២-សូនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
៣-ក្នុងបុរីប៉េងហួតបឹងស្ងោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ
៤-ស្ងួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា
៥-សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ
៦-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលស្រឡាញ់ វិស័យកីឡាទាំងអស់ នឹងចូលរួមគាំទ្រ និងទស្សនាការផ្សាយបន្តផ្ទាល់តាមទីតាំងខាងលើឱ្យបានច្រើនកុះករ និងអធិកអធម៕