តោះ! មកដឹងពីកន្លែងយកសំបុត្រឥតគិតថ្លៃ សម្រាប់ទស្សនាការប្រកួតបាល់ទាត់ស៊ីហ្គេម ២០២៣នេះ
នៅព្រឹកថ្ងៃច័ន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការអំពីទីតាំងទទួលយកសំបុត្រដោយឥតគិតថ្លៃ សម្រាប់ទស្សនាការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅសល់មិនដល់មួយអាទិត្យទៀតនោះទេ ពោលគឺនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ នឹងធ្វើការប្រកួត ជាមួយនឹង ក្រុមជម្រើសជាតិទីម័រខាងកើត នៅវេលាម៉ោង ៧:០០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
អ្នកគាំទ្រជាច្រើនមានកង្វល់ថា តើត្រូវទៅយកសំបុត្រនៅទីណា និងកក់វាដោយរបៀបណា ព្រោះពួកគេចង់ទៅទស្សនាការប្រកួតជាប្រវត្តិសាស្រ្តនេះ។
ជុំវិញបញ្ហានេះ សហព័ន្ធកីឡាប្រដាល់កម្ពុជា បានបញ្ជាក់ថា “បងប្អូនអ្នកគាំទ្រ អាចទៅយកសំបុត្រឥតគិតថ្លៃបានចាប់ពីថ្ងៃច័ន្ទ វេលាម៉ោង ១២ថ្ងៃត្រង់នេះតទៅ នៅតាមទីតាំងដូចចំនួន៥រួមមាន៖
• ពហុកីឡដ្ឋានជាតិអូឡាំពិក (ខ្លោងទ្វារធំ)
• The BLUE Sports Center (សែនសុខ)
• Fan Sport Store (Eden Garden mall & Soho mall)
• Double H Sport (សន្ធរម៉ុក)
• Sport Castle Sornthomok (សន្ធរម៉ុក)។
សហព័ន្ធបានបញ្ជាក់បន្ថែមថា ចំពោះមនុស្សម្នាក់ អាចទទួលបាន២សំបុត្រ សម្រាប់ចូលរួមទស្សនាការប្រកួត ហើយក្នុងសំបុត្រ ១សន្លឹក គឺអ្នកគាំទ្រអាចប្រើប្រាស់វាបានពីរប្រកួតមានន័យថា អាចទស្សនាការប្រកួតបានចំនួនពីរប្រកួតផងដែរ។
យ៉ាងណាក៏ដោយ សហព័ន្ធបានព្រមានថា សំបុត្រឥតគិតថ្លៃនេះ មិនអនុញ្ញាតអោយយកទៅប្រើប្រាស់ ក្នុងការលក់ដូរ ឬធ្វើអាជីវកម្មផ្សេងៗឡើយ។ បុគ្គលដែលល្មើស និងត្រូវប្រឈមមុខច្បាប់។
គួរបញ្ជាក់ថា ក្រៅពីទីតាំងដែលបានរៀបរាប់ខាងលើនេះ បងប្អូនដែលចង់បានសំបុត្រចូលទស្សនាដោយផ្ទាល់ក្នុងមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនេះ ក៏អាចកក់សំបុត្រតាមរយៈ app Cambodia 2023 ផងដែរ៕