Close

កម្ពុជា-តួកគី​ សហការគ្នាបង្កើតកិច្ចព្រមព្រៀងសេដ្ឋកិច្ចទ្វេភាគី

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ សង្គម
កម្ពុជា-តួកគី​ សហការគ្នាបង្កើតកិច្ចព្រមព្រៀងសេដ្ឋកិច្ចទ្វេភាគី កម្ពុជា-តួកគី​ សហការគ្នាបង្កើតកិច្ចព្រមព្រៀងសេដ្ឋកិច្ចទ្វេភាគី

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មតួកគី បានសហការគ្នាជំរុញការងារលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងពិគ្រោះយោបល់លើលទ្ធភាពរៀបចំការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការបង្កើតកិច្ចព្រមព្រៀងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Hüsnü Dilemre អគ្គនាយកទទួលបន្ទុកកិច្ចព្រមព្រៀងអន្តរជាតិនិងកិច្ចការសហភាពអឺរ៉ុប នៃក្រសួងពាណិជ្ជកម្មតួកគី និងលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា កាលថ្មីៗនេះ តាមរយៈប្រព័ន្ធវីដេអូ បានបើកកិច្ចប្រជុំដើម្បីជំរុញការបង្កើតកិច្ចព្រមព្រៀងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរខាងលើនេះ។

ក្រសួងបានបញ្ជាក់ដូច្នេះថា គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ និងពិគ្រោះយោបល់លើលទ្ធភាពក្នុងការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច និងស្វែងយល់ពីលទ្ធភាពក្នុងការរៀបចំបង្កើតកិច្ចព្រមព្រៀងភាពនេះ។

ភាគីទាំងពីរបានកត់សម្គាល់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះភាពជោគជ័យក្នុងការរៀបចំនូវកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញជាមួយនឹងលទ្ធផលជាផ្លែផ្កា ដែលនឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីកំណើននៃពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានក្នុងទំហំ ១៥២ លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០២២ ដែលមានកំណើនប្រមាណ ៧០% បើធៀបនឹងឆ្នាំ២០២១។ ភាគីទាំងពីរ ក៏បាន បានធ្វើការផ្លាស់ប្តូរយោបល់ជុំវិញយន្តការនានា សំដៅបន្តលើកកម្ពស់ការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ ក្នុងន័យនេះ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យមានការសហការស្អិតរមួតរវាងវិស័យឯកជន ពិសេសសភាពាណិជ្ជកម្មប្រទេសពីរ ។

ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើលទ្ធភាពក្នុងការរៀបចំនូវការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ដើម្បីវិភាគលើផលចំណេញសេដ្ឋកិច្ច និង លទ្ធភាពរៀបចំកិច្ចព្រមព្រៀងភាពភាពជាដៃគូសេដ្ឋកិច្ច(Economic Partnership Agreement) ឬ ក្រោមទំរង់ណាមួយនាពេលខាងមុខ ក្រោយលទ្ធផលនៃការសិក្សាបញ្ចប់។

សូមបញ្ជាក់ថា៖ ក្នុងឆ្នំា២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រេចបានប្រមាណ ១៥២ លានដុល្លាអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ ៧០% បើធៀបនឹងឆ្នាំ២០២១។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅកាន់តួកគី រួមមាន៖ សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន៖ វាយនភ័ណ្ឌ គ្រឿងម៉ាស៊ីន​ និងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ ជាដើម៕

អត្ថបទទាក់ទង