កំពូលតារាសម្តែងហូលីវូដ Angelina Jolie ត្រៀមលក់ ផ្ទះនៅអាមេរិក តម្លៃ ២៤,៥ លានដុល្លារ ដើម្បីមកសាងជីវិតថ្មីនៅលើទឹកដីកម្ពុជា
ភ្នំពេញ៖ កំពូលតារាសម្តែងហូលីវូដ និងជាសកម្មជនមនុស្សធម៌ដ៏ល្បីល្បាញ អ្នកស្រី Angelina Jolie ត្រូវបានរាយការណ៍ថា កំពុងរៀបចំចាកចេញពីទីក្រុងឡូសអាន់ជឺឡេស (LA) សហរដ្ឋអាមេរិក ដើម្បីមកស្នាក់នៅប្រទេសកម្ពុជា ដែលជាទឹកដីអ្នកស្រីចាត់ទុកជាផ្ទះទីពីរ និងមានសញ្ជាតិខ្មែរជាផ្លូវការ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗដូចជា MSN និង People បានឱ្យដឹងថា តារាសម្ដែងវ័យ ៥១ ឆ្នាំរូបនេះ បានដាក់លក់វិមានប្រវត្តិសាស្ត្រ Cecil B. DeMille ក្នុងតម្លៃប្រមាណ ២៤,៥ លានដុល្លារអាមេរិក។
បើតាមប្រភពដដែល ការសម្រេចចិត្តនេះ ធ្វើឡើងស្របពេលដែលអ្នកស្រីចង់ផ្លាស់ប្តូររបៀបរស់នៅថ្មី ដែលឆ្ងាយពីភាពអ៊ូអរនៃទីក្រុងហូលីវូដ។
ប្រភពជិតស្និទ្ធបានទម្លាយថា អ្នកស្រី Angelina Jolie មិនដែលចង់រស់នៅជាប់លាប់ក្នុងទីក្រុង LA ឡើយ ប៉ុន្តែដោយសារជម្លោះផ្លូវច្បាប់លើសិទ្ធិចិញ្ចឹមកូនជាមួយអតីតស្វាមី លោក Brad Pitt ទើបបង្ខំឱ្យអ្នកស្រីនៅទីនោះ។ យ៉ាងណាមិញ នៅពេលដែលកូនភ្លោះពៅរបស់នាង (Knox និង Vivienne) នឹងឈានចូលវ័យ ១៨ ឆ្នាំនៅឆ្នាំក្រោយ អ្នកស្រីនឹងមានសេរីភាពពេញលេញក្នុងការជ្រើសរើសទីលំនៅ។

ក្នុងគោលដៅនៃសន្តិភាព និងការងារមនុស្សធម៌ អ្នកស្រី Jolie មានគម្រោងបែងចែកពេលវេលារស់នៅរវាងតំបន់អឺរ៉ុប និងប្រទេសកម្ពុជា ដើម្បី៖
• ការពារឯកជនភាព៖ គេចចេញពីការតាមដានរបស់ក្រុមអ្នកប្រមាញ់រូបថត (Paparazzi)។
• បន្តការងារមនុស្សធម៌៖ ផ្តោតលើការងារបរិស្ថាន និងសង្គមដែលអ្នកស្រីបានធ្វើអស់រយៈពេលជាង ២ ទសវត្សរ៍មកហើយ។
• ការតភ្ជាប់វប្បធម៌៖ រស់នៅក្នុងប្រទេសដែលអ្នកស្រីមានទំនាក់ទំនងផ្លូវចិត្តយ៉ាងជ្រាលជ្រៅ និងមានសញ្ជាតិជាខ្មែរ។
តាមរយៈលោក Jay Benjamin ដែលជាអ្នកជិតស្និទ្ធម្នាក់បានបញ្ជាក់ថា ការមកកាន់កម្ពុជា គឺជាមធ្យោបាយតែមួយគត់ដើម្បីឱ្យអ្នកស្រីអាច “សម្រាក និងផ្តល់ចំណីដល់ព្រលឹង និងចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន”។
ព័ត៌មាននៃការត្រៀមខ្លួនមកស្នាក់នៅកម្ពុជារបស់តារាលំដាប់ពិភពលោករូបនេះ បានធ្វើឱ្យមហាជនខ្មែរមានការចាប់អារម្មណ៍ និងរំភើបយ៉ាងខ្លាំង ចំពោះសេចក្តីស្រឡាញ់ដ៏រឹងមាំរបស់អ្នកស្រីមកលើព្រះរាជាណាចក្រកម្ពុជា៕
