Close

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឱ្យកោះហៅនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ មកសួរនាំបំភ្លឺ

ដោយ៖ Chhan Sreyka ​​ | 23 ម៉ោងមុន ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឱ្យកោះហៅនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ មកសួរនាំបំភ្លឺ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឱ្យកោះហៅនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ មកសួរនាំបំភ្លឺ

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអញ្ជើញលោកអនុសេនីយ៍ឯក វ៉ន វិបុល នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មកសួរនាំបំភ្លឺ នៅការិយាល័យបុគ្គលិកផែនការងារធនធានមនុស្ស ជុំវិញការចោទប្រកាន់ខាងលើ។

ការអញ្ជើញលោកអនុសេនីយ៍ឯក វ៉ន វិបុល នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យមកសួរនាំនេះ ក្រោយពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមចោទប្រកាន់របស់យុវជនម្នាក់មកលើលោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ជុំវិញករណីមិនទទួលពាក្យបណ្តឹង ប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងបានបោចសក់យុវជននោះ កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទឱ្យកោះហៅនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ មកសួរនាំបំភ្លឺ

ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏បានអញ្ជើញលោកស្រី ទេព ស្រីនាង ត្រូវជាអ្នកម្តាយបង្កើតរបស់យុវជនខាងលើ មកបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ដោយឡែកចំពោះយុវជនឈ្មោះ អែល ច័ន្ទតារា នៅពេលព្រឹកមិនបានចូលមកបំភ្លឺនោះទេ លុះរសៀលថ្ងៃដដែលទើបមន្រ្តីប៉ុស្តិ៍ និងមន្រ្តីការិយាល័យបុគ្គលិក ចុះទៅដល់ផ្ទះយុវជនខាងលើជួបយុវជននោះដើម្បីសួរនាំបំភ្លឺនិងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ។

ចំពោះហេតុការណ៍នេះ នៅយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ យុវជនឈ្មោះ អែល ច័ន្ទតារា មានសភាពស្រវឹង បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ខណ្ឌមានជ័យ ប្ដឹងឪពុក និងបងប្រុសបង្កើត ករណីប្រើហិង្សាបង្ករបួសស្នាម។

បន្ទាប់ពីសួរនាំយុវជនខាងលើរួច លោកនាយរងប៉ុស្តិ៍ ដែលជាអ្នកទទួលពាក្យបណ្ដឹង បានទំនាក់ទំនងទៅលោកស្រី ទេព ស្រីនាង ត្រូវជាម្តាយ ដោយរូបគាត់ប្រាប់សមត្ថកិច្ចថា «មិនបាច់ទទួលពាក្យបណ្ដឹងទេ ព្រោះកូនរបស់គាត់ស្រវឹងហើយ និងឱ្យសមត្ថកិច្ចដេញកូនរបស់គាត់ទៅផ្ទះវិញ» ឃើញដូច្នោះយុវជនឈ្មោះ អែល ច័ន្ទតារា បានស្រែកដាក់ម្តាយតាមទូរស័ព្ទថា «ម៉ែឯងកាន់ជើងតែឪពុក និងបងប្រុស» រួចយុវជនក៏ជជេសឱ្យលោកនាយរងប៉ុស្តិ៍ សរសេរពាក្យបណ្តឹង ពេលនោះលោកនាយរងប៉ុស្តិ៍ ក៏បានរុញក្បាលយុវជននោះ និងដេញឱ្យត្រឡប់ទៅផ្ទះវិញ ព្រោះស្រវឹងស្រានិយាយមិនស្តាប់គ្នា។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទឱ្យកោះហៅនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ មកសួរនាំបំភ្លឺ

ទើបក្រោយមកឃើញយុវជនខាងលើហៅអ្នកសារព័ត៌មានមកធ្វើការផ្សាយព័ត៌មាននៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ តែម្តង។

បើយោងតាមការបំភ្លឺរបស់ម្តាយយុវជនខាងលើ គាត់ពិតជាបានប្រាប់សមត្ថកិច្ចមិនឱ្យទទួលពាក្យបណ្តឹងពីកូនរបស់គាត់ពិតប្រាកដមែន ដោយសារកូនរបស់គាត់គ្រាន់តែឈ្លោះគ្នាជាមួយបងប្អូនតែប៉ុណ្ណោះ។ ចំណែកយុវជននោះក៏បំភ្លឺដូចអ្វីដែលម្តាយបានរៀបរាប់ប្រាប់សមត្ថកិច្ចផងដែរ។

ប៉ុន្តែចំពោះករណីនេះអនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តមស្នងការ ចំពោះមន្ត្រីដែលបំពេញភារកិច្ច អនុវត្តការងារមិនបានត្រឹមត្រូវដោយគ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ ក្នុងករណីស្រាវជ្រាវរកឃើញមន្រ្តីនោះពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺនឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីអនុវត្តវិន័យរបស់នគរបាលជាតិដោយមិនលើកលែងឡើយ៕

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទឱ្យកោះហៅនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ មកសួរនាំបំភ្លឺ